ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ពីថ្ងៃទី១២-១៧ ខែមេសា ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់ប្រជាពលរដ្ឋ អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ រួមទាំងការធ្វើបុណ្យទានផងដែរ។
ជាលទ្ធផល មានប្រជាពលរដ្ឋចំនួន ១១៩.៤៩០នាក់ បានជឿទុកចិត្ត និងមកទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានកើនឡើងចំនួន ៣៣ ៦៤១នាក់ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥ដុល្លារ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។
គួរបញ្ជាក់ថា សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សំដៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល៕