ភ្នំពេញ៖ សមាគមសិស្ស-និងនិស្សិតអាហារូបករណ៍ អ.ម.ត កំពុងផ្តល់អាហារូបករណ៍ ៥០កន្លែងសម្រាប់យុវជនទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅប្រទេសចិន។ កម្មវិធីសិក្សា មានជាភាសាអង់គ្លេស និងភាសាចិន។ អាហារូបករណ៍នេះ នឹងបិទទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃសមាគមសិស្ស-និងនិស្សិតអាហារូបករណ៍ អ.ម.ត អាហារូបករណ៍នេះគឺផ្តល់ឱ្យនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត។ ថ្នាក់បរិញ្ញាបត្រ សិក្សាជាភាសាចិន។ រីឯថ្នាក់អនុបណ្ឌិត និស្សិតអាចជ្រើសរើសសិក្សាជាភាសាចិន ឬភាសាអង់គ្លេស។ បន្ថែមពីនេះ អាហារូបករណ៍នឹងផ្គត់ផ្គង់លើថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ។ ចំពោះការចំណាយសំបុត្រយន្តហោះ ជាបន្ទុករបស់បេក្ខជន។
បើតាមប្រភពដដែល និស្សិតដែលដាក់ពាក្យត្រូវគោរពតាមលក្ខខណ្ឌដូចជា មានលទ្ធផលតេស្តភាសាចិន CSCA ដែលជាតេស្តភាសាចិនសម្រាប់និស្សិតអន្តរជាតិ។ និស្សិតមានកម្រិតភាសាអង់គ្លេសប្រហាក់ប្រហែល IELTS 5.5 ឬកម្រិតភាសាចិន HSK 3ឡើងទៅ សម្រាប់ថ្នាក់បរិញ្ញាបត្រ។ រីឯថ្នាក់អនុបណ្ឌិត និស្សិតតម្រូវឱ្យមានកម្រិតភាសាអង់គ្លេស IELTS 6.0 ឬកម្រិតភាសាចិន HSK5 ឡើងទៅ។
គួរបញ្ជាក់ថា និស្សិតដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ បន្ថែមពីនេះ យុវជនអាចជ្រើសរើសជំនាញសិក្សានៅក្នុងវិស័យដូចជា វិទ្យាសាស្ត្រ វិស្វកម្ម ស្ថាបត្យកម្ម ឱសថសាស្ត្រ អប់រំ ច្បាប់ សេដ្ឋកិច្ចហិរញ្ញវត្ថុ និងគ្របគ្រង់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រ៕