681 ezgif.com resize
Swift cc time

មហាសេដ្ឋី KPOP កូរ៉េ នៅពីក្រោយភាពជោគជ័យក្រុមBTS ប្រឈមរងការចាប់ខ្លួន ពីបទបន្លំការវិនិយោគ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សេអ៊ូល៖ អាជ្ញាធរប៉ូលិសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានស្នើសុំដីកាចាប់ខ្លួនលោក Bang Si-hyuk ដែលជាមហាសេដ្ឋីតន្ត្រី និងជាប្រធានក្រុមហ៊ុន HYBE នៅពីក្រោយក្រុមចម្រៀងល្បីល្បាញ BTS ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបន្លំភូតភរវិនិយោគិន ដើម្បីទទួលបានប្រាក់ចំណេញខុសច្បាប់លើសពី ១០០ លានដុល្លារអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់កាសែត AP News។

ការស៊ើបអង្កេតបានបង្ហាញថា លោក Bang ត្រូវបានសង្ស័យថាបានភូតភរអ្នកវិនិយោគកាលពីឆ្នាំ ២០១៩ ដោយអះអាងថា HYBE គ្មានគម្រោងបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) ឡើយ ដែលជាហេតុធ្វើឱ្យពួកគេសម្រេចចិត្តលក់ភាគហ៊ុនទៅឱ្យមូលនិធិឯកជនមួយ មុនពេលក្រុមហ៊ុនប្រកាសចូលផ្សារភាគហ៊ុនជាផ្លូវការ ដែលករណីនេះត្រូវបានគេជឿថាបានផ្ដល់ផលប្រយោជន៍ដល់លោក Bang ប្រមាណ ១៣៦ លានដុល្លារតាមរយៈកិច្ចព្រមព្រៀងសម្ងាត់។

ក្រុមមេធាវីរបស់លោក Bang បានសម្តែងការសោកស្តាយចំពោះចំណាត់ការសុំដីកាចាប់ខ្លួននេះ ដោយអះអាងថាពួកគេបានសហការយ៉ាងពេញលេញជាមួយអាជ្ញាធរកន្លងមក ខណៈដែលរឿងអាស្រូវនេះបានក្លាយជាឧបសគ្គដ៏ធំដល់មុខមាត់ក្រុមហ៊ុន HYBE ចំពេលដែលក្រុម BTS កំពុងចាប់ផ្ដើមដំណើរកម្សាន្តប្រគំតន្ត្រីសកល បន្ទាប់ពីខកខានអស់រយៈពេលជិត ៤ ឆ្នាំដោយសារការបំពេញកាតព្វកិច្ចយោធា៕

ក្រុមហ៊ុន HYBE 

គួរបញ្ជាក់ថា ក្រុមតារា K-Pop BTS គឺជាក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដែលមានប្រជាប្រិយភាពបំផុត និងមានឥទ្ធិពលបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ក្រុមនេះមិនត្រឹមតែជាអ្នកនាំមុខគេក្នុងវិស័យតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងត្បូងផងដែរ ដោយបានរួមចំណែករាប់ពាន់លានដុល្លារដល់សេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ។


Khcct banner

អត្ថបទទាក់ទង