ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមេសា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (វាយ និងគប់កំទេចរថយន្ត) ប្រព្រឹត្តបទល្មើសនៅ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ការឃាត់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្នុងនោះ កម្លាំងជំនាញបានឃាត់ខ្លួនក្មេងទំនើង សរុបចំនួន ១១នាក់ រួមទាំងវត្ថុតាងចាប់យក៖ ដុំថ្មចំនួន ០៤ដុំ, ផ្លាកលេខរថយន្តចំនួន០១បន្ទះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យកំពុងបញ្ចូនសុំណុំរឿងទៅតុលាកា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕