ភ្នំពេញ៖ កម្មវិធី Techpreneur 2.0 ជ្រើសរើសយុវជនចំនួន ៦០នាក់ ដើម្បីផ្តល់អាហារូបករណ៍សិក្សាលើជំនាញ Full Stack Development និង AI & Data Science។ ការសិក្សាមានរយៈពេល ៧ ខែ ដែលផ្តល់ជូន 30 នាក់ក្នុងមួយជំនាញ។
យោងតាមគេហទំព័រផ្លូវការនៃ Techpreneur Bootcamp កម្មវិធីបណ្តុះបណ្តាល Techpreneur 2.0 ជាកម្មវិធីអាហារូបករណ៍ដែលរៀបចំឡើងដោយ Dichi Academy និង Elix ដែលត្រូវបានផ្តួចផ្តើមឡើងដើម្បីពង្រឹងជំនាញបច្ចេកទេស និងផ្នត់គំនិតសហគ្រិនភាពដល់និស្សិតសាកលវិទ្យាល័យដែលមានសក្តានុពល ដើម្បីឱ្យកាន់តែមានសមត្ថភាពខ្ពស់នៅក្នុងសេដ្ឋកិច្ចឌីជីថល។
បើតាមប្រភពដដែល Techpreneur 2.0 ជាកម្មវិធីបណ្តុះបណ្តាលដែលធ្វើឡើងសម្រាប់និស្សិតដែលមានបំណងចង់ក្លាយជាអ្នកជំនាញដែលទទួលស្គាល់ជាអន្ដរជាតិលើជំនាញ Full Stack Development និង AI & Data Science។ អាហារូបករណ៍នេះត្រូវបានផ្តល់ជូនសម្រាប់និស្សិតសាកលវិទ្យាល័យទាំងអស់ចាប់ពីឆ្នាំទី១ឡើងទៅ និងនិស្សិតបញ្ចប់ការសិក្សាថ្មីៗ។ ជាពិសេស និស្សិតឆ្នាំទី៣ឡើង នឹងមានអាទិភាពក្នុងអំឡុងពេលដំណើរការជ្រើសរើស ឬ ជាសិស្សដែលកំពុងរកការងារធ្វើពេញម៉ោង ឬមានគម្រោងបើកអាជីវកម្មថ្មីផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា ការសិក្សានេះ យុវជននឹងរៀនរៀងរាល់ថ្ងៃសៅរ៍ រយៈពេល ៧ខែ (ពេញមួយថ្ងៃ) រួមទាំងវគ្គអនឡាញល្ងាចថ្ងៃពុធ (ម៉ោង 8:00 យប់ – 10:00 យប់) ។ ដូចនេះ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់ https://forms.gle/uG8sBvFkjgPRHtPe8 ឱ្យបានត្រឹមថ្ងៃទី១៥ ឧសភា ២០២៦៕