681 ezgif.com resize
Swift cc time

វៀតណាមផ្តល់ប្រាក់លើកទឹកចិត្តជាង«១៩០ដុល្លារ»ដល់ស្រ្តីដែលយកកូនទីពីរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហូជីមិញ៖អាជ្ញាធរទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចន្លោះពី ១១៤ ទៅ ១៩០ ដុល្លារអាម៉េរិក ដល់ស្ត្រីជិត ៩,០០០ នាក់ ដែលបានសម្រាលកូនទីពីរមុនអាយុ ៣៥ ឆ្នាំ ខណៈដែលទីក្រុងដ៏ធំបំផុតមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិអត្រាបង្កកំណើតធ្លាក់ចុះទាបបំផុតនៅក្នុងប្រទេស។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បានឱ្យដឹងថា ទីក្រុងហូជីមិញបង្ហាញទិន្នន័យដែលបានប្រកាសកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦ ដោយផ្ទេរប្រាក់ជូនមាតាចំនួន ១,៣១០ នាក់រួចរាល់ហើយ ក្រោមគោលនយោបាយថ្មីដែលគ្របដណ្តប់លើតំបន់រដ្ឋបាលពង្រីកថ្មី។ ជាមួយគ្នានេះ ស្ត្រីជាង ៧,៦០០ នាក់ផ្សេងទៀត ក៏ទទួលបានប្រាក់ឧបត្ថម្ភក្រោមដំណាក់កាលនៃដំណោះស្រាយចាស់ផងដែរ។

វិធានការនេះត្រូវបានដាក់ចេញ ខណៈដែលអត្រាបង្កកំណើតក្នុងទីក្រុងហូជីមិញបានធ្លាក់ចុះមកត្រឹម ១.៥១ ក្នុងម្នាក់ ដែលទាបជាងកម្រិតស្តង់ដារ ២.១ ដែលចាំបាច់សម្រាប់ការបន្តវេនជំនាន់មនុស្ស។ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានចាត់ទុកស្ថានភាពនេះថាជា «សញ្ញាអាសន្ន» (Red Alert) ដែលនឹងបង្កជាបញ្ហាប្រឈមខ្លាំងដល់កម្លាំងពលកម្មនាពេលអនាគត និងធ្វើឱ្យសង្គមប្រឈមនឹងវិបត្តិមនុស្សចាស់កាន់តែលឿន។

បច្ចុប្បន្ន ទីក្រុងហូជីមិញមានមនុស្សចាស់អាយុលើសពី ៦០ ឆ្នាំ រហូតដល់ជាង ១.៥ លាននាក់ (ស្មើនឹង ១១.៤% នៃចំនួនប្រជាជនសរុប) ខណៈអាយុកាលមធ្យមរបស់ពលរដ្ឋក្នុងទីក្រុងក៏មានការកើនឡើងខ្ពស់ជាងកម្រិតមធ្យមថ្នាក់ជាតិផងដែរ។

ទោះជាយ៉ាងណា ការសិក្សាផ្នែកប្រជាសាស្ត្របានបង្ហាញថា ការផ្តល់ប្រាក់រង្វាន់តែមួយលើក មិនអាចដោះស្រាយបញ្ហាបានយូរអង្វែងនោះទេ។ យុវជននៅក្នុងទីក្រុងហូជីមិញនៅតែបង្ហាញក្តីបារម្ភចំពោះតម្លៃអប់រំ តម្លៃផ្ទះសម្បែងដែលកំពុងកើនឡើង និងបរិយាកាសការងារដែលមិនអំណោយផលដល់អ្នកមានកូន។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ទីក្រុងហូជីមិញក៏បានដាក់ពង្រាយក្រុមគ្រូពេទ្យចល័តនៅតាមមូលដ្ឋាន ដើម្បីផ្តល់សេវាពិនិត្យសុខភាពមុនអាពាហ៍ពិពាហ៍ និងការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សំដៅគាំទ្រដល់គ្រួសារដែលមានចំណូលទាប និងលើកកម្ពស់សុខុមាលភាពប្រជាជនជារួម៕

Khcct banner

អត្ថបទទាក់ទង