Img 1426
Swift cc time

ASEAN Youth Fellowship ជ្រើសរើសអ្នកជំនាញវ័យក្មេងឆ្នើម ចូលរួមកម្មវិធីនៅសិង្ហបុរី និងហ្វីលីពីន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ កម្មវិធី ASEAN Youth Fellowship ជ្រើសរើសអ្នកជំនាញវ័យក្មេងឆ្នើមដែលមានអាយុពី 27 ដល់ 35ឆ្នាំ ដើម្បីពង្រឹងទស្សនៈរបស់ខ្លួន បង្កើតបណ្តាញទំនាក់ទំនង និងសហការគ្នាលើការដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងអាស៊ាន។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2026 ដោយធ្វើឡើងនៅប្រទេសសិង្ហបុរី និងហ្វីលីពីន។

យោងតាមគេហទំព័រផ្លូវការនៃ ASEAN Youth Fellowship កម្មវិធីនេះ ជាកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងតំបន់ ដែលយុវជននឹងទទួលបានការយល់ដឹងតាមរយៈបទពិសោធន៍សិក្សាក្នុងសង្គមពិតជាក់ស្តែង កសាងបណ្តាញរឹងមាំជាមួយអ្នកដឹកនាំយុវជនទូទាំងអាស៊ាន និង ស្វែងយល់ពីឱកាសដើម្បីជំរុញឱ្យមានភាពវិជ្ជមានក្នុងសង្គម។ តាមរយៈការចូលរួមកម្មវិធីនេះ យុវជននឹងអាចចូលរួមការសន្ទនាជាមួយអ្នកធ្វើគោលនយោបាយជាន់ខ្ពស់ និងអ្នកដឹកនាំ សិក្សានូវចំណេះដឹងថ្មីៗ និងភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញចម្រុះនៅក្នុងវិស័យផ្សេងៗគ្នា។

បើតាមប្រភពដដែល ការចំណាយសម្រាប់កម្មវិធីនឹងត្រូវទទួលបន្ទុកដោយអ្នករៀបចំកម្មវិធី គឺ National Youth Council Singapore និង Singapore International Foundation។ កម្មវិធីនឹងចំណាយលើកន្លែងស្នាក់នៅ ការធ្វើដំណើរ និងអាហារ។ ការចំណាយផ្ទាល់ខ្លួនផ្សេងទៀត រួមទាំងការចាក់វ៉ាក់សាំងចាំបាច់ណាមួយ ក៏ដូចជាធានារ៉ាប់រងការធ្វើដំណើរផ្ទាល់ខ្លួននឹងត្រូវទទួលបន្ទុកដោយបេក្ខជនផ្ទាល់។

គួរបញ្ជាក់ថា ដើម្បីអាចចូលរួម បេក្ខជនត្រូវដាក់ពាក្យមុនថ្ងៃទី 24 ខែឧសភា ឆ្នាំ 2026 តាមរយៈតំណភ្ជាប់នេះ៖ https://go.gov.sg/ayf-apply ។ ចំពោះលក្ខខណ្ឌ តម្រូវឱ្យបេក្ខជនជាយុវជនដែលមកពីបណ្តាប្រទេសក្នុងអាស៊ាន មានអាយុចន្លោះ ២៧ ទៅ ៣៥ឆ្នាំ ដែលមានភាពសកម្មក្នុងការបង្កើតផលវិជ្ជមានក្នុងសហគមន៍របស់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង