Img 1426
Swift cc time

កម្មវិធីបណ្តាញស្រ្តីដឹកនាំវ័យក្មេង ផ្តល់ឱកាសឱ្យក្មេងស្រីពង្រឹងភាពជាអ្នកដឹកនាំតាមរយៈសិក្ខាសាលាចំនួន៤

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ កម្មវិធីបណ្តាញស្រ្តីដឹកនាំវ័យក្មេងជំនាន់ទី៥ កំពុងបើកទទួលពាក្យសម្រាប់ស្ត្រីវ័យក្មេងដែលមានអាយុចាប់ពី១៧ ដល់២៥ឆ្នាំដើម្បីឱ្យេពួកគេអាចអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងលើកទឹកចិត្តឱ្យពួកគេយកចំណេះដឹងដែលទទួលបានទៅដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបស់ទម្លុះ"BREAKTHROUGH" កម្មវិធីបណ្តាញស្ត្រីដឹកនាំវ័យក្មេងផ្តល់ឱកាសសម្រាប់យុវតីដែលមានអាយុចាប់ពី ១៧ ដល់២៥ឆ្នាំដែលមានចំណាប់អារម្មណ៍ និងចង់សិក្សាឈ្វេងយល់ពីលើបញ្ហាសិទ្ធិស្ត្រី និងយេនឌ័រ។ មួយវិញទៀត យុវតីដែលចូលរួមត្រូវតែមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមសិក្ខាសាលា និងការបណ្តុះបណ្តាលរយៈពេល ៨ដល់១០ខែ។ ជាមួយគ្នានេះ យុវតីដែលចូលរួមគឺជាយុវតីដែលមានឆន្ទៈ និងចំណាប់អារម្មណ៍នៅក្នុងការអនុវត្តភាពជាអ្នកដឹកនាំរបស់ស្រ្តី នៅក្នុងជីវភាពរស់នៅរបស់ពួកគេ។

បើតាមប្រភពដដែល កម្មវិធីនេះបង្កើតឡើងតាមរយៈការរួមបញ្ចូលនូវបទពិសោធន៍ និងក្តីរំពឺងរបស់អ្នកដឹកនាំជាស្រ្តីនៅក្នុងកម្ពុជាដែលមកពីមជ្ឈដ្ឋានចម្រុះ និងមានឆន្ទៈនៅក្នុងការដោះស្រាយបញ្ហាវិសមភាពយ៉េនឌ័រ។ ក្នុងនោះ គោលដៅចម្បងគឺផ្តល់ឱ្រស្រ្តីនូវកន្លែងសុវត្ថិភាព ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការគិតស៊ីជម្រៅ។ ដូចនេះ តាមរយៈការចូលរួមនៅក្នុងកម្មវិធីនេះ យុវតីអាចទទួលបានការប្រឹក្សាយោបល់ ការអនុវត្តដោយផ្ទាល់ ការលើកទឹកចិត្ត ព្រមទាំងការកសាងទំនុកចិត្ត បណ្តាញ និងសមត្ថភាព តាមរយៈសិក្ខាសាលាចំនួនបួនវគ្គ។ ធាតុចូលទាំងនេះ នឹងអាចឱ្យក្មេងស្រីអាចបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

ចំពោះយុវតីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ កម្មវិធីនេះ មានរយៈពេលមួយឆ្នាំពេញដែលទទួលបានការគាំទ្រពី UN Women ប្រចាំកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង