ភ្នំពេញ៖ យុវតីឆ្នើមប្រមាណ ៨០រូប មកពីទូទាំងប្រទេស នឹងចូលរួមក្នុងកម្មវិធី «សភាត្រាប់ (Mock Parliament)» នាថ្ងៃស្អែកនេះ ដើម្បី ស្វែងយល់ពីតួនាទី និងនីតិវិធីនៃស្ថាប័ននីតិប្បញ្ញត្តិ ពង្រឹងសមត្ថភាពជជែកដេញដោល និងភាពជាអ្នកដឹកនាំ និងជំរុញការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ និងអភិវឌ្ឍន៍ជាតិ។
កម្មវិធី «សភាត្រាប់» ត្រូវបានរៀបចំឡើងដោយរដ្ឋសភាកម្ពុជា សហការជាមួយ អង្គការ UN Women និងអង្គការ UNFPA ក្នុងស្មារតីជំរុញយុវជនឱ្យក្លាយជាសសរស្តម្ភដ៏រឹងមាំសម្រាប់អនាគតជាតិ ដែលនឹងប្រារព្ធឡើងជាផ្លូវការ នាថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈចាំបាច់មួយ ខណៈដែលភាពជាតំណាងរបស់ស្ត្រីក្នុងវិស័យនយោបាយនៅមានកម្រិតនៅឡើយ។ បើទោះបីជាកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើគោលនយោបាយយេនឌ័រ ប៉ុន្តែយោងតាមទិន្នន័យក្រោយការបោះឆ្នោតឆ្នាំ២០២៣ អាសនៈស្ត្រីក្នុងរដ្ឋសភានិងនៅថ្នាក់ក្រោមជាតិមានការធ្លាក់ចុះ។ កត្តានេះបណ្តាលមកពីឧបសគ្គនៃផ្នត់គំនិតសង្គមដែលនៅតែបន្តរឹតត្បិតសមត្ថភាពស្ត្រី និងបន្ទុកការងារក្នុងគ្រួសារ ដែលរារាំងពួកគេពីការបញ្ចេញសក្តានុពលក្នុងតួនាទីជាអ្នកដឹកនាំ។
ក្នុងរយៈពេលនៃកម្មវិធី បេក្ខនារីនឹងត្រូវដើរតួជាសមាជិកសភា ដើម្បីសិក្សាពីយន្តការការងារជាក់ស្តែង របៀបរៀបចំតាក់តែងច្បាប់ ការពិភាក្សាដេញដោលលើបញ្ហាជាតិ និងការតស៊ូមតិប្រកបដោយវិជ្ជាជីវៈ។ អ្វីដែលកាន់តែពិសេសនោះ យុវតីនឹងមានឱកាសទទួលបានការណែនាំ និងការបង្ហាត់បង្ហាញដោយផ្ទាល់ពីសំណាក់សមាជិកាសភាស្ត្រី ដែលជាបទពិសោធន៍ដ៏កម្រក្នុងការតភ្ជាប់ទំនាក់ទំនងអន្តរជំនាន់។
គូរបញ្ជាក់ថា កម្មវិធី «សភាត្រាប់» ដែលមានរយៈពេលមួយថ្ងៃកន្លះនេះ នឹងប្រមូលផ្តុំយុវជន និងយុវនារីចំនួន ៨០រូប ដែលមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ មកពីគ្រប់រាជធានី-ខេត្តទាំង ២៥ ទូទាំងប្រទេសកម្ពុជា ដើម្បីមកសិក្សា និងអនុវត្តជាក់ស្តែងនូវតួនាទីជាសមាជិកសភា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕