Img 1426
Swift cc time

កម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេងកម្ពុជា-ឡាវ (CLYLP) ផ្តល់ឱកាសឱ្យយុវជនផ្លាស់ប្តូរការសិក្សានៅប្រទេសនូវែលសេឡង់រយៈពេល ១២សប្តាហ៍

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ កម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេងកម្ពុជា-ឡាវ(CLYLP) ដែលជាកម្មវិធីកសាងសមត្ថភាពយុវជន កំពុងបើកទទួលពាក្យសម្រាប់យុវជនកំពុងបម្រើការងារនៅតាមបណ្តាអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសឡាវ និងកម្ពុជាចូលរួមសម្រាប់ឆ្នាំ២០២៦។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងឱ្យយុវជនគោលដៅអាចអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ពួកគេបន្ថែមទៀតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។ កម្មវិធីនឹងមានការបណ្តុះបណ្តាលជាអនឡាញ និងដោយផ្ទាល់នៅប្រទេសកម្ពុជា ឡាវ និងនូវែលសេឡង់។ ការទទួលពាក្យ នឹងបិទនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការនៃ UnionAid CLYLPគឺជាកម្មវិធីមួយដែលផ្តល់ឱកាសឱ្យយុវជន អាចស្វែងយល់អំពីគំនិតរបស់ខ្លួន និងវិធីសាស្ត្រនានាសម្រាប់អភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅប្រកបដោយចីរភាព តាមរយៈការសិក្សាវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណេតរយៈពេល ១៥០ម៉ោងដែលស្មើនឹង ១៤សប្តាហ៍ និងវគ្គសិក្សាដោយផ្ទាល់រយៈពេល ១២សប្តាហ៍នៅ Aotearoa នៃប្រទេសនូវែលសេឡង់។ បេក្ខជនដែលចូលរួម នឹងទទួលបានការបណ្តុះបណ្តាលនានាទាក់ទងនឹងជំនាញទន់ដូចជា ការស្រាវជ្រាវ ការគិតស៊ីជម្រៅ។ បន្ថែមពីនេះ បេក្ខជននឹងទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិមនុស្ស យ៉េនឌ័រ បរិស្ថាន ការគ្រប់គ្រងគម្រោង រួមទាំងអភិវឌ្ឍភាសាអង់គ្លេសបែបវិជ្ជាជីវៈ និងការសិក្សា។លើសពីនេះ នៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានៅប្រទេសនូវែលសេឡង់បេក្ខជននឹងអាចស្វែងយល់អំពីស្ថាប័ន គោលនយោបាយរបស់ប្រទេសនូវែលសេឡង់ តាមរយៈការទស្សនៈកិច្ចទៅកាន់ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិលជាដើម។ បន្ទាប់ពីបញ្ចប់កម្មវិធី បេក្ខជនក៏អាចទទួលបានមូលនិធិសម្រាប់អនុវត្តគម្រោងដើម្បីដោះស្រាយបញ្ហាសហគមន៍របស់ពួកគេផងដែរ។

បើតាមប្រភពដដែល បេក្ខជនដែលដាក់ពាក្យចូលរួមត្រូវមានអាយុចាប់ពី ២០ដល់៣៤ឆ្នាំ និងជាបុគ្គលិកនៅក្នុងស្ថាប័នរដ្ឋាភិបាល អង្គការសហគមន៍ ឬអង្គការក្រៅរដ្ឋាភិបាល។ បេក្ខជនដែលចូលរួមត្រូវមានការគាំទ្រពីអង្គការដែលខ្លួនតំណាង ព្រមទាំងអាចបត់បែននៅក្នុងការចូលរួមវគ្គសិក្សានីមួយៗ។ បេក្ខជនត្រូវតែមានបទពិសោធន៍ និងការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអភិវឌ្ឍសហគមន៍។ វគ្គបណ្តុះបណ្តាលទាំងអស់ នឹងធ្វើឡើងជភាសាអង់គ្លេស ដូចនេះបេក្ខជនត្រូវតែអាចប្រើប្រាស់ភាសាអង់គ្លេសទាំងនិយាយ និងសរសេរ។បេក្ខជនត្រូវតែត្រឡប់មកធ្វើការនៅអង្គការរបស់ខ្លួនវិញ យ៉ាងតិចមួយឆ្នាំ។

គួរបញ្ជាក់ថា កម្រិតនៃភាសាអង់គ្លេសមិនតម្រូវដាច់ខាតឱ្យមានតេស្តភាសាអង់គ្លេសទេ គឺអាស្រ័យទៅលើការវិនិច្ឆ័យរបស់គណកម្មការជ្រើសរើសនៅក្នុងវគ្គសម្ភាស។ បេក្ខជនអាចចូលទៅកាន់ តំណភ្ជាប់ ដើម្បីអានព័ត៌មានបន្ថែម និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង