យ៉ាឡា៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានប្ដេជ្ញាពន្លឿនកិច្ចប្រឹងប្រែងសន្តិភាពនៅតំបន់ភាគខាងត្បូង ប្រទេសថៃ បន្ទាប់ពីមានការវាយប្រហារដោយការដុតបំផ្លាញទ្រព្យសម្បត្តិ ដែលគេសង្ស័យថាជាស្នាដៃរបស់ក្រុមឧទ្ទាម ចំពេលដែលលោកកំពុងចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់នោះ។
យោងតាមកាសែត The Thaiger មុនពេលការមកដល់របស់លោកអនុទីន ប៉ូលីសថៃបានរាយការណ៍អំពីការវាយប្រហារដោយការដុតបំផ្លាញក្នុងស្រុក ស៊ុនហ្គៃ កូឡុក ខេត្ត ណារ៉ាធីវ៉ាត។ ជនសង្ស័យត្រូវបានគេរាយការណ៍ថាបានឆ្លងទន្លេ Golok ពីប្រទេសម៉ាឡេស៊ី ដោយឆ្លៀតឱកាសពេលកម្រិតទឹកទាបក្នុងរដូវប្រាំង ដើម្បីចូលមកដុតបំផ្លាញគ្រឿងចក្រសំណង់របស់អ្នកម៉ៅការក្នុងស្រុក រួមមានគ្រឿងចក្រកាយដី (Backhoe) និងគ្រឿងចក្រកិនផ្លូវជាដើម។
ថ្លែងទៅកាន់មន្ត្រីនៅមជ្ឈមណ្ឌលរដ្ឋបាលខេត្តព្រំដែនភាគខាងត្បូងក្នុងខេត្ត Yala លោក អនុទីន បានបញ្ជាក់ថា ការដោះស្រាយបញ្ហានៅភាគខាងត្បូង គឺជាអាទិភាពជាតិដែលសភាថៃបានទទួលស្គាល់ជាផ្លូវការ។ លោកបន្ថែមថា រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តតាមគោលការណ៍ណែនាំរបស់អតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej គឺផ្ដោតលើការយល់ដឹងពីមូលដ្ឋាន ការចូលរួមដោយផ្ទាល់ជាមួយសហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពដែលស្របតាមតម្រូវការជាក់ស្ដែង។
អនុទីន បានអំពាវនាវឱ្យមន្ត្រីនៅក្នុងខេត្តជាប់ព្រំដែនទាំង ៥ រួមមាន Satun, Songkhla, Pattani, Yala និង Narathiwat បន្តតាមដាន និងឆ្លើយតបឱ្យបានឆាប់រហ័សទៅនឹងស្ថានភាពដែលកំពុងវិវត្តយ៉ាងលឿននៅក្នុងតំបន់។ តាមការគ្រោងទុក លោកក៏នឹងចុះពិនិត្យប៉ុស្តិ៍ត្រួតពិនិត្យគយនៅ Sungai Kolok ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចតាមព្រំដែន។
គួរបញ្ជាក់ថា ចលនាបំបែកទឹកដីនៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាឧបសគ្គដ៏ធំដល់ការអភិវឌ្ឍតំបន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈដែលរដ្ឋាភិបាលថៃតែងតែព្យាយាមផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការប្រើប្រាស់កម្លាំងយោធា មកជាការចរចាសន្តិភាព និងការលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់វិញ៕