ប៉េកាំង៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ២០ មេសានេះ បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និង ទទួលបានជោគជ័យ។ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប៉េកាំង សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និង ថែទាំព្រះរាជសុខភាពបន្ដនៅក្នុងមន្ទីរពេទ្យប៉េកាំង ។
ការព្យាបាលព្រះរោគដោយវះកាត់របស់ព្រះមហាក្សត្រ ធ្វើឡើងនៅថ្ងៃទី ២០ មេសានេះ ដោយមានសម្តេច ហ៊ុន សែន និងកូនប្រុសពីរនាក់មាន លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី នៅកំដរព្រះមហាក្សត្រ និង ហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។
បើតាមសម្តេច ហ៊ុន សែន ក្រោយទទួលបានវះកាត់រួច ព្រះមហាក្សត្រ បានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ហើយពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និង អរគុណចំពោះព្រះសង្ឃ និង ប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោព្រះអង្គ។
សម្តេច ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី បានអរគុណប្រធានាធិបតីចិន ស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ក្រោយយាងចាកចេញពីបន្ទប់វះកាត់ព្រះអង្គត្រូវគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ ដើម្បីពិនិត្យតាមដាន និង ថែទាំព្រះរាជសុខភាពបន្តនៅក្នុងមន្ទីរពេទ្យប៉េកាំង។
គួរបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី ១៨ មេសានេះ បានចេញនូវសេចក្តីជូនដំណឹងពី ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត។