សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលបាលីស្ទិកកាលពីថ្ងៃអាទិត្យដែលជាប្រភេទមីស៊ីលបំពាក់គ្រាប់នុយក្លេអ៊ែរចង្កោម ដោយក្នុងការបាញ់សាកល្បងនោះកូរ៉េខាងជើងបានបាញ់មីស៊ីលទៅកាន់តំបន់គោលដៅកោះមួយចម្ងាយប្រហែល ១៣៦ គីឡូម៉ែត្រ ដោយវាយប្រហារតំបន់ប្រហែល ១២.៥ ទៅ ១៣ ហិកតា ដែលនេះបានក្លាយជាការបាញ់មីស៊ីលបាលីស្ទិកលើកទីបួនក្នុងខែនេះ និងលើកទីប្រាំពីរនៅឆ្នាំនេះ។
យោងតាមការបញ្ជាក់របស់កូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីជិតទីក្រុង Sinpo នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅសមុទ្រនៅម៉ោងប្រហែល ៦:១០ ព្រឹក ដោយការបាញ់នេះកូរ៉េខាងជើងបានប្រើប្រាស់មីស៊ីល Hwasong-11 Ra ជាប្រភេទមីស៊ីលចង្កោមនិងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាលោកគីមបានសម្តែងការពេញចិត្តជាមួយនឹងលទ្ធផលនៃការធ្វើតេស្ត ដោយលោកបានចាត់ទុកថាជាភស្តុតាងដែលថាការងារជាច្រើនឆ្នាំរបស់ក្រុមស្រាវជ្រាវក្បាលគ្រាប់មីស៊ីលឯកទេសកូរ៉េខាងជើងមិនឥតប្រយោជន៍នោះទេ លោកបានជំរុញឱ្យអ្នកវិទ្យាសាស្ត្របន្តស្រាវជ្រាវ និងជំរុញបច្ចេកវិទ្យាដែលត្រូវការដើម្បីពង្រឹងការត្រៀមខ្លួនប្រយុទ្ធរបស់យោធា។
គួររម្លឹកថាកាលពីដើមខែនេះ កូរ៉េខាងជើងបានសាកល្បងក្បាលគ្រាប់គ្រាប់បែកចង្កោមថ្មីមួយនៅលើមីស៊ីលផ្លោង និងអាវុធអេឡិចត្រូម៉ាញ៉េទិច ដែលជាចលនាមួយដែលអ្នកវិភាគបាននិយាយថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមសម័យទំនើប៕