681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា បន្តតវ៉ាជាផ្លូវការប្រឆាំងសកម្មភាពយោធាថៃ ដែលបន្ដពង្រឹងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថាកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា បានបន្ដពង្រឹងកាន់កាប់ខុសច្បាប់បន្ថែម រំលោភដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក្នុងខេត្តព្រះវិហារ៖ ឃុំស្រអែម ស្រុកជាំក្សាន្ដ កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅ ក្នុងតំបន់ប្រាសាទព្រះវិហារ។

ខេត្តឧត្តរមានជ័យ៖ នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវនៅជិតបង្គោលព្រំដែនលេខ២ បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ។ នៅស្រុកបន្ទាយអំពិល កងកម្លាំងប្រដាប់អាវុធថៃបានជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ។ នៅសង្កាត់កូនក្រៀល ក្រុងសំរោង កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរ និងបានបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើង នៅតំបន់នេះ។ នៅតំបន់ថ្មដូន កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវថ្មើរជើង ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវ នៅភាគខាងកើតច្រកទ្វារថ្មដូន។

ខេត្តពោធិ៍សាត់៖ នៅឃុំថ្មដា ស្រុកវាលវែង សកម្មភាពឈូសឆាយដីបន្ថែមទៀត នៅតំបន់អូរភ្លុកដំរី។ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធ្ងនធ្ងន់ ដើម្បីធ្វើសកម្មភាពឈូសឆាយដីបន្ថែមទៀត នៅភាគខាងកើតច្រកទ្វារថ្មដូន។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថាសកម្មភាពទាំងនេះក៏ជាការរំលោភលើការប្ដេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជា ពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់ កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ កម្ពុជាបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាព ទាំងនេះថាជាការការពារខ្លួន និងស្របតាមប្រការនានា ដែលមានចែងក្នុងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការ ទាមទារទឹកដីណាមួយ ដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាព ដែលបានរៀបរាប់ខាងលើ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីបន្តទៀត នៅក្នុង តំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់ បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុង ការស្វែងរកដំណោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំង អស់របស់ខ្លួន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួន នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕

Khcct banner

អត្ថបទទាក់ទង