អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ បានសម្រេចបញ្ជូនអនុប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ជេឌី វ៉ាន់ស៍ បេសកជនពិសេសអាម៉េរិក លោកស្ទីវ វីតកូហ្វ និងលោកចារ៉េដ គូស្នឺរ កូនប្រសាររបស់ប្រធានាធិបតី ត្រាំ ទៅប្រទេសប៉ាគីស្ថានដើម្បីចរចាគ្នាជុំទី២ជាមួយប្រទេសអ៊ីរ៉ង់។ ការសម្រេចចិត្តបញ្ជូនមនុស្សសំខាន់ទាំងបីនាក់ទៅចរចាជាថ្មីនេះធ្វើឡើងជាងមួយសប្តាហ៍ក្រោយពីការចរចាជុំទី១មិនមានផ្លែផ្កា និងរហូតដល់អ៊ីរ៉ង់បានបាញ់នាវាដឹកជញ្ជូនមួយចំនួនដែលធ្វើដំណើរតាមច្រកសមុទ្រហ័រមូស។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Fortune ។
យោងតាមសេចក្តីប្រកាសរបស់លោកត្រាំតាមប្រព័ន្ធ TRUST SOCIAL លោកបានគូសបញ្ជាក់ថា អ៊ីរ៉ង់បានសម្រេចចិត្តបាញ់គ្រាប់កាំភ្លើងកាលពីម្សិលមិញនៅក្នុងច្រកសមុទ្រហ័រមូស ដែលជាការរំលោភបំពានទាំងស្រុងលើកិច្ចព្រមព្រៀងឈប់បាញ់របស់យើង! គ្រាប់កាំភ្លើងជាច្រើនត្រូវបានបាញ់សំដៅលើកប៉ាល់បារាំងមួយគ្រឿង និងកប៉ាល់ដឹកទំនិញមួយគ្រឿងមកពីចក្រភពអង់គ្លេស។ លោកបន្តទៀតថាតំណាងរបស់លោកនឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ពួកគេនឹងនៅទីនោះនៅល្ងាចថ្ងៃស្អែក សម្រាប់ការចរចា។
បើតាមលោកត្រាំថ្មីៗនេះ អ៊ីរ៉ង់បានប្រកាសថា ពួកគេកំពុងបិទច្រកសមុទ្រវិញ ដែលជារឿងចម្លែក ពីព្រោះការបិទច្រកសមុទ្ររបស់យើងបានបិទវារួចហើយ។ ពួកគេកំពុងជួយយើងដោយមិនដឹងខ្លួន ហើយពួកគេជាអ្នកដែលខាតបង់ជាមួយនឹងការឆ្លងកាត់ក្នុងទំហំទឹកប្រាក់ ៥០០ លានដុល្លារក្នុងមួយថ្ងៃ! សហរដ្ឋអាម៉េរិកមិនខាតបង់អ្វីទាំងអស់។ លោកបន្ថែមទៀតថាតាមពិតទៅ កប៉ាល់ជាច្រើនកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក រដ្ឋតិចសាស់ រដ្ឋល្វីស្យាណា និងរដ្ឋអាឡាស្កា ដើម្បីផ្ទុកទំនិញ លោកបញ្ជាក់ទៀតថាពេលនេះអាម៉េរិកកំពុងផ្តល់ជូនកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមហេតុផល ហើយលោកសង្ឃឹមថាពួកគេនឹងទទួលយកវា ពីព្រោះប្រសិនបើពួកគេមិនធ្វើទេ សហរដ្ឋអាម៉េរិកនឹងបំផ្លាញរោងចក្រថាមពលទាំងអស់ និងស្ពានទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់៕