681 ezgif.com resize
Moneygramott moi1280x163px

មហាជនខ្មែរនិងស្ថាប័នរដ្ឋគ្រប់បណ្តាក្រសួងនានារួមគ្នាថ្វាយព្រះពរព្រះមហាក្សត្រខ្មែរឆាប់ជាសះស្បើយពីព្រះរោគ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ក្នុងពេលចូលគាល់ព្រះមហាក្សត្រកន្លងទៅ។

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះអង្គនឹងព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យរដ្ឋធានី ប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។ក្រោយពីទទួលបានដំណឹងនេះ ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស និង ស្ថាប័នរដ្ឋគ្រប់បណ្តាក្រសួងនានា បានចេញសាររួមគ្នាថ្វាយព្រះពរព្រះមហាក្សត្រខ្មែរឆាប់ជាសះស្បើយពីព្រះរោគ។

ផ្តើមដោយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានសូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយពីព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) ដែលនឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេច ហ៊ុន សែន បានលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ ព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិត លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយពីព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់មាតុភូមិកម្ពុជា និង ប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ។

ចំណែក សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាម​រាជ​រដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំង​ប្រជានុរាស្ត្រ​ទូទាំង់ព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីព្រួយបារម្ភ ក្រោយពីទទួលបាន​ព័ត៌​មានថា ព្រះរោគមហារីកក្រពេញប្រូស្តាត (Prostate Cancer) របស់ព្រះករុណា​ព្រះមហាក្សត្រ។សម្តេច ហ៊ុន ម៉ាណែត មានជំនឿជឿជាក់យ៉ាងមុតមាំថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងឆាប់ជាសះស្បើយពីព្រះរោគ ជាក់ជាមិនខាន។

ក្រៅពីសារថ្វាយព្រះពរពីថ្នាក់ដឹកនាំកំពូលៗ យើងឃើញមានសារថ្វាយព្រះពរពីស្ថាប័នរដ្ឋជាច្រើនដូចជា៖ រដ្ឋសភាកម្ពុជា ព្រឹទ្ធសភា ក្រសួងស្ថាប័នរដ្ឋនានា ជាពិសេសមហាជនខ្មែរគ្រប់ជាន់ថ្នាក់ទាំងក្នុង និងក្រៅប្រទេស បានប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់ខ្លួន ចេញសារថ្វាយព្រះពរព្រះមហាក្សត្រខ្មែរឆាប់ជាសះស្បើយពីព្រះរោគ។

គួរបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី ១៨ មេសា បានចេញនូវសេចក្តីជូនដំណឹងពី ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត។ក្នុងសេចក្តីជូនដំណឹងនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និង វាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុត ពីក្រុមវេជ្ជបណ្ឌិតល្បីជំនាញៗប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមវេជ្ជបណ្ឌិត បានក្រាបបង្គំទូលថ្វាយយោបល់ ស្តីពីព្រះរោគតម្រូវឱ្យទទួលការព្យាបាលដោយវះកាត់៕

Khcct banner

អត្ថបទទាក់ទង