ប៉េកាំង៖ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី ១៨ មេសានេះ បានចេញនូវសេចក្តីជូនដំណឹងពី ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត។ក្នុងសេចក្តីជូនដំណឹងនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និង វាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុត ពីក្រុមវេជ្ជបណ្ឌិតល្បីជំនាញៗប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមវេជ្ជបណ្ឌិត បានក្រាបបង្គំទូលថ្វាយយោបល់ ស្តីពីព្រះរោគតម្រូវឱ្យទទួលការព្យាបាលដោយវះកាត់។
បើតាមសេចក្តីជូនដំណឹង ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យរដ្ឋធានី ប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។ក្រោយពីការទទួលព្យាបាលដោយវះកាត់រួច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងគង់ប្រថាប់ដើម្បីបន្តតាមដានថែទាំព្រះរាជសុខភាពតាមវេជ្ជបញ្ហា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង មួយរយៈពេលទៀត។
បន្ទាប់ពីព្រះរាជសុខភាព បានធូរស្បើយ និង មានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយពីមានវេជ្ជបញ្ជាពីក្រុមវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង៕