ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ មេសានេះ បានដឹកនាំប្រជុំ ពង្រឹងសនតិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែម ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ ដោយក្នុងកិច្ចប្រជុំនោះ លោកបានលើកឡើងពីករណីហិង្សាក្នុងគ្រោះថ្នាក់ចរាចរណ៍នៅម្តុំវត្តភ្នំជាការយល់ច្រឡំ ចំពោះម្ចាស់ឡានដែលមានការចូលរួមពី ក្រុមក្នេងៗបានគប់ និងវាយបំផ្លាញរថយន្ត។លោកបានប្រាប់ឱ្យក្រុមក្នេងៗគប់និងវាយបំផ្លាញរថយន្តចូលខ្លួនដោះស្រាយ ខណៈអាជ្ញាធរក្តាប់មុខសញ្ញាអស់ហើយ។
យោងតាមបណ្តាញសង្គមផ្លូវការលោក ជួន ណារិន្ទ បានអំពាវនាវដល់ក្រុមក្មេងៗទាំងអស់នោះ ចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញឱ្យទាន់ពេលវាលា (តែបើជំនាញតាមចាប់ខ្លួន គឺអនុវត្តន៌និតិវិធីច្បាប់អត់លើកលែងទេព្រោះមុខសញ្ញាខាងជំនាញក្ដាប់បានហើយ)។ជាមួយគ្នានោះ លោកសង្គត់ធ្ងន់ថា "ខ្ញុំអត់ដែលនិយាយលេងទេ សូមអណាព្យាបាល បើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ឋបញ្ជូនមកសារភាពបន្ទាន់"។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១៦ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មីមាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈមានពលរដ្ឋច្រើនកុះករដើរលេងកម្សាន្តនគរសង្រ្កាន្តវត្តភ្នំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កជាអំពើហិង្សាលើម្ចាស់រថយន្ត ដោយមានក្រុមក្មេងៗជាច្រើនដេញគប់ និ ងវាយរថយន្ត ធ្វើឱ្យរថយន្តនោះខូចខាតយ៉ាងដំណំ៕