អ៊ីស្តង់ប៊ុល៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាឱ្យកាន់តែស៊ីជម្រៅ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងជំនួបទ្វេភាគី និងពិធីចុះអនុស្សរណៈនៃការយោគយល់ ជាមួយសភាម៉ារ៉ុក ក្នុងឱកាសនៃមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។
ពិធីចុះអនុស្សរណៈនៃការយោគយល់ (MoU) នេះ ត្រូវបានធ្វើឡើងរវាង លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា និងលោក ស៊ីឌី ម៉ូហាម៉េដ អ៊ូល អេរ៉ាស៊ីដ (Sidi Mohamed OULD ERRACHID) ប្រធានព្រឹទ្ធសភាម៉ារ៉ុក ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោកស្រី ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
ក្រៅពីអញ្ជើញជួបពិភាក្សាការងារទ្វេភាគី និងចុះអនុស្សរណៈនៃការយោគយល់ជាមួយសភាម៉ារ៉ុក គណៈប្រតិភូសភាកម្ពុជាតាមរយៈ លោកបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១នៃរដ្ឋសភាក៏បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងវេទិកានេះ លោកបណ្ឌិត បានថ្លែងបទអន្តរាគមន៍ និងពិភាក្សាលើសេចក្តីសម្រេចស្តីពី «ការកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយយុត្តិធម៌ និងចីរភាព» ដោយផ្តោតលើតួនាទីសភាក្នុងការប្រយុទ្ធប្រឆាំងនឹងការគាំពារនិយម ការកាត់បន្ថយពន្ធគយ និងការការពារការគេចពន្ធសាជីវកម្ម ដែលដឹកនាំដោយសភាអារ៉ាប់រួម បន្ថែមលើសពីនេះ នៅរសៀលថ្ងៃដដែល លោកបណ្ឌិត សម តារា ក៏បានអញ្ជើញចូលរួមក្នុងវេទិកាសមាជិកសភាវ័យក្មេងនៃ IPU ដឹកនាំដោយសភាហ្សកដង់។
វេទិកានេះបានពិភាក្សាលើការធ្វើបច្ចុប្បន្នភាព និងលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសភា ព្រមទាំងប្រមូលធាតុចូល និងទស្សនៈរបស់យុវជន ដើម្បីបញ្ចូលទៅក្នុងប្រធានបទស្នូលនៃមហាសន្និបាតលើកទី១៥២ ឱ្យកាន់តែមានសព្វសុពលភាព និងបរិយាបន្នផងដែរ៕