វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសព្រមានដំឡើងពន្ធរហូតដល់ ៥០% លើទំនិញនាំចូលពីប្រទេសចិន ប្រសិនបើសហរដ្ឋអាម៉េរិកចាប់បានថា ទីក្រុងប៉េកាំងពិតជាបានបញ្ជូន «ប្រព័ន្ធការពារដែនអាកាសចល័ត (MANPADS)» ទៅឱ្យប្រទេសអ៊ីរ៉ង់មែននោះ។នេះបើតាមការចេញផ្សាយរបស់កាសែត CNBC។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ចារកម្ម និងការចុះផ្សាយរបស់បណ្តាញព័ត៌មាន CNN ដែលបានបង្ហើបពីគម្រោងបញ្ជូនអាវុធសម្ងាត់របស់ចិន ទៅកាន់ទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ីរ៉ង់។
ទោះជាយ៉ាងណា លោក ត្រាំ នៅតែបង្ហាញមន្ទិលសង្ស័យលើភាពជឿជាក់នៃរបាយការណ៍ទាំងនោះ ដោយហៅវាថាជា «ព័ត៌មានក្លែងក្លាយ»។ ចំណែកឯអ្នកវិភាគយល់ឃើញថា ចិនកំពុងដើរតួនាទីយ៉ាងប្រុងប្រយ័ត្នដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់ខ្លួន ជាពិសេសការនាំចូលប្រេងពីអ៊ីរ៉ង់ ដែលកំពុងរងផលប៉ះពាល់ដោយសារការឡើងថ្លៃប្រេងឥន្ធនៈក្នុងស្រុកចិនប្រមាណ ១១% ។
ជាការឆ្លើយតប ក្រសួងការបរទេសចិនបានបញ្ជាក់ថា ខ្លួនកំពុងខិតខំជំរុញកិច្ចចរចាសន្តិភាព ប៉ុន្តែមិនបានបញ្ជាក់ពីការផ្គត់ផ្គង់អាវុធ ឬតួនាទីជាអ្នកសម្របសម្រួលផ្លូវការឡើយ។ នាពេលនេះ ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ថា តើការព្រមានរបស់លោក ត្រាំ នឹងក្លាយជាការពិត ឬគ្រាន់តែជាយុទ្ធសាស្ត្រគាបសង្កត់ផ្នែកនយោបាយ ដើម្បីបង្អាក់ឥទ្ធិពលរបស់ចិនក្នុងជម្លោះនៅមជ្ឈិមបូព៌ានេះ៕