ហុងគ្រី៖ នាយករដ្ឋមន្រ្តីហុងគ្រីចាស់វស្សាលោក Viktor Orbán ដែលកាន់អំណាចអស់រយៈពេល ១៦ ឆ្នាំ ត្រូវបានបក្សប្រឆាំងហុងគ្រី Tisza ដឹកនាំដោយលោក Péter Magyar បានឈ្នះឆ្នោតនិងទម្លាក់លោកចេញពីតំណែង ដោយលទ្ធផលឆ្នោតកាលពីថ្ងៃអាទិត្យសន្លឹកឆ្នោតបាន ៩៨,៧៤% គណបក្ស Tisza របស់លោក Magyar ត្រូវបានគេព្យាករថានឹងឈ្នះ ១៣៨ ក្នុងចំណោម ១៩៩ អាសនៈនៅក្នុងសភារបស់ប្រទេសហុងគ្រី ដែលផ្តល់ឱ្យបក្សលោកនូវសំឡេងភាគច្រើនលើសលប់ដែលមានសមត្ថភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់សំខាន់ៗ។
យោងតាមការចេញផ្សាយដោយកាសែត The Guardian តិចជាងបីម៉ោងបន្ទាប់ពីការស្ទង់មតិបានបិទនៅថ្ងៃអាទិត្យ លោក Orbán បានទទួលស្គាល់ការបរាជ័យលោកបានពិពណ៌នាថាជាលទ្ធផលនៃការបោះឆ្នោត ដ៏ឈឺចាប់បំផុតសម្រាប់លោក និងបក្សរបស់លោកផ្ទាល់។
បក្សប្រឆាំងហុងគ្រី Tisza ដឹកនាំដោយលោក Péter Magyar បានសន្យាថានឹងជួសជុលទំនាក់ទំនងដ៏តានតឹងរបស់ប្រទេសហុងគ្រីជាមួយសហភាពអឺរ៉ុប បង្ក្រាបអំពើពុករលួយ និងបញ្ជូនមូលនិធិទៅកាន់សេវាសាធារណៈដែលត្រូវបានធ្វេសប្រហែសជាយូរមកហើយ លោកថាអ្នកបោះឆ្នោតឲ្យបក្ស Tisza របស់លោកបានសរសេរប្រវត្តិសាស្ត្រហុងគ្រីឡើងវិញ។
គួររម្លឹកថាលោកលោក Péter Magyar ជាអតីតមនុស្សជំនិតរបស់លោក Viktor Orbán ហើយបានធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ និងផ្តោតលើបញ្ហាជីវភាពប្រចាំថ្ងៃដូចជា សេវាថែទាំសុខភាព និងការដឹកជញ្ជូនសាធារណៈ។ លោកក៏បានប្តេជ្ញាថានឹងកសាងទំនាក់ទំនងរបស់ហុងគ្រីឡើងវិញជាមួយសហភាពអឺរ៉ុប និងអង្គការណាតូ ដែលបានរង្គោះរង្គើក្រោមការដឹកនាំរបស់លោក Viktor Orbán អស់រយៈពេលជាយូរឆ្នាំមកហើយ៕