ភ្នំពេញ៖ កម្ពុជា បញ្ជាក់ជាថ្មីពីការគាំទ្រចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលើកកម្ពស់សន្តិភាព និងស្ថិរភាពតំបន់ និងមិនត្រូវប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសផ្សេងឡើយ ព្រមទាំងគោរពនូវមជ្ឈភាពអាស៊ាន រួមមានធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ កម្ពុជាក៏បានគូសបញ្ជាក់ពីវិធានការនានា ដើម្បីពង្រឹងអភិបាលកិច្ចលំហសមុទ្រអន្តរជាតិ រួមមានការផ្តល់សច្ចាប័ននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនៅឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ ដែលសិទ្ធិ និងកាតព្វកិច្ចត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងអនុវត្តស្នើភាពគ្នា។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេសកម្ពុជា លោករដ្ឋលេខាធិការ អ៊ុន ឃាង បានចូលរួមជាតំណាងរបស់កម្ពុជា ថ្លែងក្នុងសន្និសីទស្តីពីមហាសមុទ្រឥណ្ឌាលើកទី៩ ក្រោមប្រធានបទ «ការទទួលខុសត្រូវរួមគ្នាសម្រាប់អភិបាលកិច្ចមហាសមុទ្រឥណ្ឌា» ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង Port Louis សាធារណរដ្ឋម៉ូរីស ដោយមានការចូលរួមពីរដ្ឋមន្រ្តី/អនុរដ្ឋមន្រ្តីនៃប្រទេសនានាជាង ៣០។
លោក អ៊ុន ឃាង និងថ្នាក់ដឹកនាំផ្សេងទៀតបានលើកពីបញ្ហាដែលប្រឈមនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា និងស្នើឱ្យមានសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ពាក់ព័ន្ធនឹងដំណោះស្រាយនេះ លោករដ្ឋលេខាធិការបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់កម្ពុជាសម្រាប់យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលើកតម្ពស់សន្តិភាព និងស្ថិរភាពតំបន់ និងមិនត្រូវប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសផ្សេងឡើយ ព្រមទាំងគោរពនូវមជ្ឈភាពអាស៊ាន រួមមានធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីវិធានការនានារបស់កម្ពុជាដើម្បីពង្រឹងអភិបាលកិច្ចលំហសមុទ្រអន្តរជាតិ រួមមានការផ្តល់សច្ចាប័ននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនៅឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ ដែលសិទ្ធិ និងកាតព្វកិច្ចត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងអនុវត្តស្នើភាពគ្នា។
ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទខាងលើ លោករដ្ឋលេខាធិការក៏បានជួបពិភាក្សាទ្វេភាគីជាមួយ (១) លោក ថាន់ណាន់ចាយ រាមហ្វុល រដ្ឋមន្រ្តីការបរទេសម៉ូរីស (២) លោកបណ្ឌិត ខាលីលូ រាម៉ាន់ រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស និង (៣) លោក ល្យុនប៉ូ ឌី អិន ធុងយ៉ែល រដ្ឋមន្រ្តីការបរទេសប៊ូតង់ ដើម្បីរិះរកឱកាស និងមធ្យោបាយនានា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសទាំងនេះផងដែរ ជាពិសេសក្នុង វិស័យនយោបាយ ពាណិជ្ជកម្ម និងទេសចរណ៍៕