ក្រុងម៉ានីល៖ ក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បណ្តាប្រទេសជាសមាជិកអាស៊ាន បានសម្តែងការស្វាគមន៍យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្តាហ៍ រវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលបានប្រកាសកាលពីថ្ងៃទី៨ ខែមេសា កន្លងទៅ។
យោងតាមសេចក្ដីថ្លែងការណ៍ អាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិសុខនាវាចរណ៍ និងសេរីភាពនៃការហោះហើរ ជាពិសេសនៅច្រកសមុទ្រ Hormuz ដោយអំពាវនាវឱ្យមានការបើកចំហឡើងវិញនូវការដឹកជញ្ជូនទំនិញ និងថាមពលប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង ស្របតាមច្បាប់អន្តរជាតិ UNCLOS 1982 ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់ស្ថិរភាពសេដ្ឋកិច្ចសកល។
អាស៊ានបានជំរុញឱ្យភាគីទាំងពីរត្រឡប់មកតុចរចា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជាអចិន្ត្រៃយ៍ និងបានកោតសរសើរចំពោះតួនាទីសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថាន ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
ជាចុងក្រោយ អាស៊ានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមា បញ្ឈប់រាល់អរិភាព និងគោរពតាមគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាកាតព្វកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឱ្យបានខ្ជាប់ខ្ជួន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕