អ៊ីរ៉ង់៖ ទីភ្នាក់ងារសម្ងាត់មជ្ឈិមអាម៉េរិក (CIA) បានប្រើប្រាស់កម្មវិធីលួចយកការណ៍ Pegasus របស់ក្រុមហ៊ុន NSO Group នៃប្រទេសអ៊ីស្រាអែល ដើម្បីបង្កើតយុទ្ធនាការបោកបញ្ឆោតប្រឆាំងនឹងថ្នាក់ដឹកនាំអ៊ីរ៉ង់ និងកងឆ្មាំបដិវត្តន៍អ៊ីស្លាម ក្នុងប្រតិបត្តិការស្វែងរកអ្នកបើកយន្តហោះអាម៉េរិកដែលបានធ្លាក់កាលពីចុងសប្តាហ៍មុន។ ដោយក្នុងនោះចារម្មអាម៉េរិកបាន HACK ចូលប្រព័ន្ធទូរស័ព្ទមេបញ្ជាការអ៊ីរ៉ង់នឹងផ្ញើរ«សារក្លែងក្លាយ»ទៅកាន់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថាបានរកឃើញអ្នកបើកយន្តហោះពីរនាក់ ដើម្បីទាញពេលវេលាជួយសង្រ្គោះអ្នកទាំងពីរ។
យោងតាមកាសែត Times of London តាមរយៈបច្ចេកវិទ្យានេះ CIA បានផ្ញើសារក្លែងក្លាយតាមកម្មវិធី WhatsApp និង Signal ដែលមើលទៅហាក់ដូចជាចេញពីទូរសព្ទរបស់មេបញ្ជាការយោធាអ៊ីរ៉ង់ ដើម្បីបំភ័ន្តភ្នែកភាគីអ៊ីរ៉ង់ថា អ្នកបើកយន្តហោះដែលបាត់ខ្លួនត្រូវបានរកឃើញរួចរាល់ហើយ។ នេះមានន័យថាដើម្បីទាញពេលវេលា និងបង្វែងដានក្រុមកងកម្លាំងពិសេសកុំឲ្យបន្តរុករកអ្នកទាំងពីរទៀត។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថាអាម៉េរិកបានប្រើប្រាស់បច្ចេកវិទ្យាសម្ងាត់ «Ghost Murmur» ដែលមានសមត្ថភាពចាប់សញ្ញាចង្វាក់បេះដូងមនុស្សពីចម្ងាយរាប់សិបម៉ាយ ដែលជួយឱ្យកងកម្លាំងអាម៉េរិកអាចកំណត់ទីតាំងអ្នកបើកយន្តហោះបានយ៉ាង្បាស់ ខណៈរូបគេកំពុងលាក់ខ្លួនក្នុងច្រកភ្នំនៃតំបន់វាលខ្សាច់។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន នាយក CIA លោក John Ratcliffe បានបញ្ជាក់ថា អាម៉េរិកបានប្រើប្រាស់ទាំងភ្នាក់ងារសម្ងាត់ និងបច្ចេកវិទ្យាដ៏ទំនើបបំផុតដែលគ្មានភ្នាក់ងារចារកម្មណាផ្សេងក្នុងលោកមាន។ ជាមួយគ្នានេះ កាសែត New York Times ក៏បានរាយការណ៍ដែរថា អ៊ីស្រាអែលបានសហការយ៉ាងស្អិតល្មួតជាមួយអាម៉េរិក ក្នុងការប្រមូលព័ត៌មានសម្ងាត់ និងបើកការវាយប្រហារការពារកងកុម្ម៉ង់ដូអាម៉េរិក ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះដ៏គ្រោះថ្នាក់នេះផងដែរ៕