ថៃ៖ អត្រាអ្នកស្លាប់ដោយសារ «ជំងឺដាច់សរសៃឈាមខួរក្បាលបង្កដោយកម្ដៅ» (Heatstroke) នៅក្នុងប្រទេសថៃ កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលអាកាសធាតុក្ដៅខ្លាំងត្រូវបានព្យាករណ៍ថា នឹងអូសបន្លាយពេញមួយរដូវក្ដៅនេះ។នេះបើតាមការចេញផ្សាយរបស់កាសែត The Nation។
យោងតាមទិន្នន័យប្រវត្តិសាស្ត្រ ចំនួនអ្នកស្លាប់ដោយសារបញ្ហានេះបានកើតឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកក្នុងឆ្នាំ ២០២៥ នេះ គេបានរកឃើញករណីអ្នកឈឺចំនួន ១៨២ ករណី និងមានអ្នកបាត់បង់ជីវិតចំនួន ២១ នាក់រួចមកហើយ។
អ្នកជំនាញសុខាភិបាលបានពន្យល់ថា ជំងឺនេះកើតឡើងនៅពេលសីតុណ្ហភាពក្នុងរាងកាយហក់ឡើងលើស 40°C ដែលបណ្ដាលឱ្យសរីរាង្គសំខាន់ៗលែងដំណើរការ និងអាចឈានដល់ការបាត់បង់ជីវិតយ៉ាងឆាប់រហ័ស។
អ្នកជំនាញបានគូសបញ្ជាក់ថា ក្រុមមនុស្សដែលប្រឈមហានិភ័យខ្ពស់រួមមាន កម្មករធ្វើការក្រៅផ្ទះ មនុស្សចាស់ និងកុមារ។ ចំពោះរោគសញ្ញាដែលត្រូវប្រុងប្រយ័ត្នមានដូចជា ស្បែកឡើងក្រហមខ្លាំង ខុសប្លែកពីធម្មតាដោយគ្មានចេញញើស វង្វេងវង្វាន់ និងបាត់បង់ស្មារតី ដែលទាមទារឱ្យមានការសង្គ្រោះបន្ទាន់ជាដាច់ខាត៕