ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈកំពុងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌ “ក” ចំនួន ៤០នាក់ឱ្យចូលបម្រើការនៅក្នុងរដ្ឋលេខាធិការកិច្ចការព្រំដែនទៅលើមុខតំណែងធំៗពីរគឺ មុខតំណែងគាំទ្រ និងមុខតំណែងវិជ្ជាជីវៈកិច្ចការព្រំដែន។ ពាក្យស្នើសុំចូលប្រឡង នឹងបិទទទួលនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នៅវេលាម៉ោង៥ល្ងាច។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈ នៅក្នុងមុខតំណែងគាំទ្រមានរើសមន្រ្តីឱ្យចូលបម្រើការនៅ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានតំណែងដូចជា មន្រ្តីពិធីការ មន្រ្តីហិរញ្ញវត្ថុ មន្ត្រីគ្រប់គ្រងធនធានមនុស្ស។ វិទ្យាស្ថានជាតិកិច្ចការព្រំដែនមានតំណែងដូចជា មន្ត្រីរដ្ឋបាល មន្ត្រីគ្រប់គ្រងកម្មវិធីសិក្សា។ នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានតំណែង មន្ត្រីសវនកម្ម។
រីឯមុខតំណែងវិជ្ជាជីវៈកិច្ចការព្រំដែនជ្រើសរើសមន្រ្តីឱ្យចូលបម្រើការទៅតាមអគ្គនាយកដ្ឋានដូចជា អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុជ្រើសរើស មន្ត្រីភាសាបរទេស ។ អគ្គនាយកដ្ឋានបច្ចេកទេសព្រំដែន មានមុខតំណែងដូចជា មន្ត្រីវាស់វែងឋានលេខា មន្រ្តីវាស់វែងប្រឹថពីវិភាគ មន្ត្រីវាស់វែងជលសាស្រ្ត វិស្វករស្ពានថ្នល់ និងសំណង់ស៊ីវិល វិស្វករផែនទី មន្ត្រីជំនាញវិភាគ និងបកស្រាយរូបថតពីលើអាកាស ស្ថាបត្យករ មន្ត្រីជំនាញនិងដោះស្រាយបាតុភាពតាមព្រំដែន។
អគ្គនាយកដ្ឋានគោលនយោបាយនិងអភិវឌ្ឍន៍ព្រំដែនមានមុខតំណែងដូចជា មន្ត្រីវិភាគគោលនយោបាយសាធារណៈ មន្ត្រីវិភគសេដ្ឋកិច្ចអភិវឌ្ឍន៍ មន្ត្រីវិភាគសេដ្ឋកិច្ចអភិវឌ្ឍន៍ មន្ត្រីតាមដានពិនិត្យ និងវាយតម្លៃ។ វិទ្យាស្ថានកិច្ចការព្រំដែនជ្រើសរើសមន្ត្រីស្រាវជ្រាវច្បាប់។ មជ្ឍមណ្ឌលតម្កល់ឯកសារ ផែនទី និងទិន្នន័យព្រំដែនជ្រើសរើសមន្ត្រីគ្រប់គ្រងផែនទី និងទិន្នន័យ។
បើតាមប្រភពដដែល បេក្ខជនដែលអាចដាក់ពាក្យចូលរួមបានត្រូវមានសញ្ជាតិខ្មែរ និងមានសញ្ញាបត្របរិញ្ញាបត្រទាក់ទងនឹងជំនាញនីតិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ។ មួយវិញទៀត បេក្ខជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ។ ក្នុងនោះក៏មានលក្ខខ័ណ្ឌនៃការកំណត់អាយុមួយចំនួនដូចជា បេក្ខជនដែលជាមន្ត្រីរាជការ និងបេក្ខជនដែលមានសញ្ញាបត្របណ្ឌិតត្រូវបានលើកលែងលក្ខខ័ណ្ឌអាយុ។ បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ និងបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំ។ បន្ថែមពីលើនេះ បេក្ខជនមិនត្រូវប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេនី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងត្រូវជ្រើសរើសអង្គភាពបម្រើការងារចំណុះក្រសួងយុត្តិធម៌ ដែលមានតម្រូវជ្រើសរើស។
នៅក្នុងជំហាននៃការដាក់ពាក្យ បេក្ខជនអាចបំពេញពាក្យសុំប្រឡងតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពាក្យស្នើសុំប្រឡង បេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយាសម្រាប់ព្រះសង្ឃ។មួយវិញទៀត បេក្ខជនត្រូវស្កេនឯកសារដែលមានទាមទារទាំងអស់ពីឯកសារច្បាប់ដើម និងមានបញ្ជាក់ផ្លូវការ ដែលមានអត្តសញ្ញាណប័ណ្ណ និងសញ្ញាបត្រ។ក្នុងករណី មិនមានអត្តសញ្ញាណបណ្ណ ឬឆាយា បេក្ខជនត្រូវទាក់ទងជាមួយមន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ ឬខេត្តដើម្បីជួយសម្របសម្រួល។ ចំណែកសញ្ញាបត្រ ក្នុងស្រុកជាភាសាបរទេសត្រូវបញ្ជាក់ជាភាសាជាតិនៅគ្រឹះស្ថានសិក្សារបស់ខ្លួន និងសញ្ញាបត្រពីបរទេសត្រូវបញ្ជាក់ជាភាសាជាតិ ពីក្រសួងអប់រំ។ ជាចុងក្រោយ បេក្ខជនត្រូវដាក់បញ្ចូលរូបថត ៤គុណ៦ និងលិខិតអនុញ្ញាតឱ្យចូលរួមប្រឡងពីប្រធានស្ថាប័ន ឬអាជ្ញាធរដែលមានសិទ្ធិអនុញ្ញាតឱ្យផ្ទេរ(មានគំរូ) សម្រាប់បេក្ខជនជាមន្ត្រីរាជការ។
គួរបញ្ជាក់ថា បេក្ខជនដែលជាស្ត្រី មានពិការភាព ជនជាតិដើមភាគតិច មន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅក្នុងរដ្ឋបាលសាធារណៈ និងបេក្ខជនដែលមានអាយុច្រើនជាងគេត្រូវបានលើកទឹកចិត្ត។ ក្នុងករណីរកឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬលិខិតស្នាមផ្សេងៗ បេក្ខជននឹងត្រូវបានលុបឈ្មោះចេញដោយស្វ័យប្រវត្តិ ទៅបីបេក្ខជនប្រឡងជាប់ដោយស្ថាពរក៏ដោយ និងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ ៕