ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានព្រះរាជសារថា ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត។ក្រោយទទួលបានព័ត៌មាននេះ តំណាងស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា បានចេញសារថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីព្រះរោគឡើងវិញ។
តំណាងស្ថានទូតទាំងនោះមានជាអាទិ៍៖ចក្រភពអង់គ្លេស បារាំង សហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី កាណាដា សាធារណរដ្ឋឆែក និង តួកគី។ទូតអន្តរជាតិទាំងអស់នោះ បានចេញសារថ្វាយព្រះពរជាបន្តបន្តគ្នាដោយសង្ឃឹមថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសុខភាពល្អបរិបូរណ៍ ហើយឆាប់ជាសះស្បើយពីព្រះរោគឡើងវិញ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដល់ប្រជារាស្ត្រខ្មែរទាំងមូល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានព្រះរាជសារថា មានព្រះរោគ«មហារីកនៅក្រពេញប្រូស្តាត»ដែលត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេសវិញបាន.
ព្រះមហាក្សាយ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើសេចក្តីនឹករលឹក និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរដល់ប្រជាជនខ្មែរទាំងមូលឲ្យបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕