Img 1426
Swift cc time

ការចរចាអាម៉េរិក និងអ៊ីរ៉ង់ពុំមានផ្លែផ្កា អាម៉េរិកថាជា «រឿងអាក្រក់» សម្រាប់ អ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អ៊ីស្លាម៉ាបាដ៖ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានបរាជ័យក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បានបញ្ចប់ទៅដោយគ្មានលទ្ធផលជាដុំកំភួន។ អនុប្រធានាធិបតីអាម៉េរិក លោក JD Vance បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានបដិសេធមិនទទួលយកលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន ក្រោយកិច្ចពិភាក្សាដ៏តានតឹងដែលអូសបន្លាយពេលរហូតដល់ ២១ ម៉ោង។

អនុប្រធានាធិបតីអាម៉េរិក លោក JD Vance ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ

ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានAl Jazeera លោក JD Vance ដែលជាប្រមុខប្រតិភូអាម៉េរិក មុនពេលចាកចេញពីប៉ាគីស្ថានបានឱ្យដឹងថា៖ «ព័ត៌មានអាក្រក់គឺថា យើងមិនបានឈានដល់កិច្ចព្រមព្រៀងឡើយ ហើយខ្ញុំគិតថាវាគឺជាព័ត៌មានអាក្រក់សម្រាប់អ៊ីរ៉ង់ ខ្លាំងជាងសម្រាប់សហរដ្ឋអាម៉េរិកទៅទៀត»។ លោកបានបន្ថែមថា អាម៉េរិកត្រូវការឃើញ «ការប្តេជ្ញាចិត្តជាមូលដ្ឋាន» ពីអ៊ីរ៉ង់ ក្នុងការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យពួកគេសម្រេចបាននូវអាវុធនុយក្លេអ៊ែរក្នុងរយៈពេលដ៏ខ្លី។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឆ្លើយតបវិញថា គ្មាននរណាម្នាក់រំពឹងថា កិច្ចចរចាជាមួយអាម៉េរិកនឹងអាចឈានដល់កិច្ចព្រមព្រៀងត្រឹមតែមួយសម័យប្រជុំនោះឡើយ។ ទោះជាយ៉ាងណា ទីក្រុងតេអេរ៉ង់នៅតែមានទំនុកចិត្តលើការបន្តទំនាក់ទំនងជាមួយប៉ាគីស្ថាន និងមិត្តភក្តិដទៃទៀតនៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei

ក្នុងនាមជាអ្នកសម្របសម្រួល ប្រទេសប៉ាគីស្ថានបានអំពាវនាវឱ្យភាគីទាំងពីររក្សាការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងសម្រាប់តំបន់ទាំងមូល

គួររំលឹកផងដែរថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានរីករាលដាលដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។ សង្រ្គាមនេះបានបណ្តាលឱ្យមនុស្សជាង ២,០០០ នាក់បាត់បង់ជីវិត និងបង្កឱ្យមានវិបត្តិថាមពលសកល បន្ទាប់ពីអ៊ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាសប្រមាណ ២០% នៃពិភពលោក៕


Khcct banner

អត្ថបទទាក់ទង