សៀមរាប៖ អជ្ញាធរជាតិអប្សរា សហការជាមួយ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានរៀបចំពិព័រណ៍រូបភាពដ៏ពិសេសមួយ ដែលបង្ហាញពីជីវិតសត្វព្រៃ និងសត្វល្អិតកម្រៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដោយពលរដ្ឋអាចចូលទស្សនាចាប់ពីថ្ងៃទី១០ មេសា តទៅ។
ដោយចាប់ពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តទៅ នៅឯសួនរុក្ខជាតិអង្គរ (ក្បែរផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត) ភ្ញៀវទេសចរអាចចូលមកកម្សាន្ត និងស្វែងយល់ពី៖ វត្តមានសត្វព្រៃដែលកំពុងរស់នៅដូចក្នុងព្រៃធម្មជាតិ។ សត្វសំខាន់រួមមាន៖ សត្វទោចមង្កុដ ភេខ្លួនរលោង ឈ្លូស ស្វា ឆ្មារដាវ សំពោចក្រអូប និងសត្វស្លាបស្អាតៗដូចជា ក្ងោក កេងកងតូច កេងកងធំ និងសត្វភូវាំង និងសត្វល្អិតតូចៗ។
ជាមួយគ្នានេះ លោកពលរដ្ឋអាចឃើញអាថ៌កំបាំងនៃពិភពសត្វល្អិត ដែលមាន រូបភាពប្លែកៗនៃស្រមោច កណ្ដៀរ ចង្រិត កណ្ដូប មេអំបៅ និងពីងពាង ដែលជាអ្នកថែរក្សាតុល្យភាពបរិស្ថាននៅក្នុងតំបន់អង្គរ។ រមណីយដ្ឋានអង្គរ មិនមែនមានតែប្រាសាទទេ តែមានទាំងធម្មជាតិ និងជីវិតសត្វព្រៃ។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានបញ្ជាក់ថា ការតាំងបង្ហាញនេះចង់បង្ហាញពិភពលោកថា អង្គរបច្ចុប្បន្នជាទីកន្លែងដែល "វប្បធម៌ និងធម្មជាតិ រស់នៅជាមួយគ្នា"។ ក្រៅពីប្រាសាទបុរាណ ភ្ញៀវទេសចរនឹងបានឃើញព្រៃឈើខៀវស្រងាត់ និងសត្វព្រៃដែលកំពុងវិលត្រឡប់មកផ្ទះចាស់របស់ពួកគេវិញ៕