ភ្នំពេញ៖ ក្រសួងការបរទេស នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការប្រភេទ “ក” ចំនួន ៥២នាក់ឱ្យចូលបម្រើការនៅក្នុងក្របខ័ណ្ឌក្រសួងការបរទេសតាមមុខតំណែងធំៗពីរដូចជា មុខតំណែងគាំទ្រ មុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ការទទួលពាក្យស្នើសុំចូលប្រឡងនឹងបិទ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
យោងតាមក្រសួងមុខងារសាធារណៈ នៅក្នុងមុខតំណែងគាំទ្រមានតំណែងឱ្យជ្រើសរើសដូចជា មន្រ្តីគណនេយ្យ មន្ត្រីសវនកម្ម មន្ត្រីគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីព័ត៌មានវិជ្ជា។ រីឯមុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានតំណែងសម្រាប់ជ្រើសរើសដូចជា មន្ត្រីការទូតជាន់ខ្ពស់ផ្នែកពិធីការ មន្ត្រីការទូតជាន់ខ្ពស់ផ្នែកច្បាប់ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ មន្ត្រីការទូតជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសារព័ត៌មាន។
បើតាមប្រភពដដែល បេក្ខជនដែលអាចដាក់ពាក្យចូលរួមបានត្រូវមានសញ្ជាតិខ្មែរ និងមានសញ្ញាបត្របរិញ្ញាបត្រទាក់ទងនឹងជំនាញនីតិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ។ មួយវិញទៀត បេក្ខជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ។ ក្នុងនោះក៏មានលក្ខខ័ណ្ឌនៃការកំណត់អាយុមួយចំនួនដូចជា បេក្ខជនដែលជាមន្ត្រីរាជការ និងបេក្ខជនដែលមានសញ្ញាបត្របណ្ឌិតត្រូវបានលើកលែងលក្ខខ័ណ្ឌអាយុ។ បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ និងបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំ។ បន្ថែមពីលើនេះ បេក្ខជនមិនត្រូវប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេនី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងត្រូវជ្រើសរើសអង្គភាពបម្រើការងារចំណុះក្រសួងយុត្តិធម៌ ដែលមានតម្រូវជ្រើសរើស។
នៅក្នុងជំហាននៃការដាក់ពាក្យ បេក្ខជនអាចបំពេញពាក្យសុំប្រឡងតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពាក្យស្នើសុំប្រឡង បេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយាសម្រាប់ព្រះសង្ឃ។មួយវិញទៀត បេក្ខជនត្រូវស្កេនឯកសារដែលមានទាមទារទាំងអស់ពីឯកសារច្បាប់ដើម និងមានបញ្ជាក់ផ្លូវការ ដែលមានអត្តសញ្ញាណប័ណ្ណ និងសញ្ញាបត្រ។ក្នុងករណី មិនមានអត្តសញ្ញាណបណ្ណ ឬឆាយា បេក្ខជនត្រូវទាក់ទងជាមួយមន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ ឬខេត្តដើម្បីជួយសម្របសម្រួល។ ចំណែកសញ្ញាបត្រ ក្នុងស្រុកជាភាសាបរទេសត្រូវបញ្ជាក់ជាភាសាជាតិនៅគ្រឹះស្ថានសិក្សារបស់ខ្លួន និងសញ្ញាបត្រពីបរទេសត្រូវបញ្ជាក់ជាភាសាជាតិ ពីក្រសួងអប់រំ។ ជាចុងក្រោយ បេក្ខជនត្រូវដាក់បញ្ចូលរូបថត ៤គុណ៦ និងលិខិតអនុញ្ញាតឱ្យចូលរួមប្រឡងពីប្រធានស្ថាប័ន ឬអាជ្ញាធរដែលមានសិទ្ធិអនុញ្ញាតឱ្យផ្ទេរ(មានគំរូ) សម្រាប់បេក្ខជនជាមន្ត្រីរាជការ។
គួរបញ្ជាក់ថា បេក្ខជនដែលជាស្ត្រី មានពិការភាព ជនជាតិដើមភាគតិច មន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅក្នុងរដ្ឋបាលសាធារណៈ និងបេក្ខជនដែលមានអាយុច្រើនជាងគេត្រូវបានលើកទឹកចិត្ត។ ក្នុងករណីរកឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬលិខិតស្នាមផ្សេងៗ បេក្ខជននឹងត្រូវបានលុបឈ្មោះចេញដោយស្វ័យប្រវត្តិ ទៅបីបេក្ខជនប្រឡងជាប់ដោយស្ថាពរក៏ដោយ និងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៕