កោះកុង៖ ក្រសួងបរិស្ថាន នាថ្ងៃទី១០ មេសា បានផ្តល់វិញ្ញាបនបត្រទទួលស្គាល់កោះទទឹង ជាកោះមេត្រីភាពបរិស្ថាន ដែលបានបំពេញនូវលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាកោះទទឹងដែលជាកន្លែងទេសចរណ៍មានប្រព័ន្ធអេកូឡូស៊ី និងការពារមិនឱ្យប៉ះពាល់ដល់ជីវៈចម្រុះក្រោមទឹក។
នៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២៦ ក្រសួងបរិស្ថានផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាកោះមេត្រីភាពបរិស្ថាន ក្រោមអធិបតីភាពលោក អ៊ាងសុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកស្រី ជា សុផាកន្នី អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំខេត្តកោះកុង។
ការទទួលបានវិញ្ញាបនបត្រនេះ ដោយកោះទទឹងបានបំពេញនូវលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺ កោះទទឹងជាកន្លែងទេសចរណ៍មានប្រព័ន្ធអេកូឡូស៊ីដែលរក្សាបាននូវតុល្យភាពរវាងការប្រើប្រាស់ធនធានសមុទ្រ និងការអភិរក្ស ដោយចីរភាពដូចជា ការនេសាទដែលមិនបំផ្លាញផ្កាថ្ម និងការគ្រប់គ្រងតំបន់ឆ្នេរ ការការពារព្រៃកោងកាង និងស្មៅសមុទ្រ និងការកាត់បន្ថយការបំពុលពីប្លាស្ទិក មិនឱ្យមានសំណល់ហូរចូលទៅក្នុងមហាសមុទ្រ ដែលប៉ះពាល់ដល់ជីវៈចម្រុះក្រោមទឹក។
គួរបញ្ជាក់ថា ការណ៍នេះស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងអនុលោមទៅតាមគោលការណ៍មេត្រីភាពបរិស្ថានក្នុងតំបន់អាស៊ាន ជាយុទ្ធសាស្ត្ររួមគ្នារបស់រដ្ឋសមាជិក ដើម្បីការកាត់បន្ថយប្លាស្ទិក និងការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍតំបន់បៃតងប្រកបដោយចីរភាព៕