ភ្នំពេញ៖ ក្រសួងអប់រំ កំពុងជ្រើសរើសគ្រូបង្រៀនក្នុងក្របខ័ណ្ឌ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ ចំនួន៥០០នាក់ ដើម្បីបណ្តាលថ្នាក់បរិញ្ញាបត្រជំនាន់ទី១ (TUP) លើមុខវិជ្ជាដូចជា ភាសាខ្មែរ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា នៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ ការចូលរួមបណ្តុះបណ្តាលនេះបើកជូនចំពោះគ្រូបង្រៀននៅក្នុងក្របខណ្ឌដែលមានអាយុមិនលើសពី ៥៤ឆ្នាំ និងមានសញ្ញាបត្រ ១២+២(សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន)ឡើងទៅ ព្រមទាំងកំពុងបម្រើការងារនៅសាលាមធ្យមសិក្សាចំណេះទូទៅគោលដៅក្រោមគម្រោង GEIP និង GEIP-AP។ គ្រូបង្រៀនដែលចូលរួម ត្រូវមានទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។
គួរបញ្ជាក់ថា លោកគ្រូអ្នកគ្រូដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យតាម តំណភ្ជាប់ ។ មួយវិញទៀតការជ្រើសរើសជាបន្ទុករបស់គណកម្មការជ្រើសដែលចាត់ចែងដោយមន្ទីរអប់រំ យុវជន និងកីឡា។ គណៈកម្មការ ត្រូវជ្រើសបេក្ខជនឱ្យបានត្រឹមត្រូវតាមលក្ខខ័ណ្ឌ និងបញ្ជូនរាយនាមបេក្ខជនឱ្យក្រសួងអប់រំឱ្យបានមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦៕