681 ezgif.com resize
Swift cc time

ប្រមុខទូតចិន បង្ហាញឆន្ទៈ ជួយកម្ពុជាសាងសង់«ស្ថានីយអគ្គិសនីទំនើបៗ»បន្ថែម ដើម្បីអភិវឌ្ឍនិងភាពងាយស្រួល ជូនប្រជាជនកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ មេសា បានសម្ដែងការអបអរសាទរ ចំពោះការបើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ។ ក្នុងសារនោះ ប្រមុខទូតចិន បង្ហាញឆន្ទៈក្នុងការជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ លោក វ៉ាង វិនពិន បានលើកឡើងថា ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ គឺជាស្ថានីយអគ្គិសនីបូមទឹកស្តុកទុកដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់អគ្គិសនីនៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង គឺ “ការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ ២០៣០”។

លោកប្រមុខទូតចិន បញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១០ មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន បានជួយឱ្យអត្រានៃការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី ៥០% ដល់ ៩៥.៨៨% និងបានជំរុញឱ្យសមាមាត្រថាមពលស្អាតនៅកម្ពុជាឡើងដល់ ៦៣.២៣% ដែលជាចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ លោក មានឆន្ទៈក្នុងការជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង