Img 1426
Swift cc time

ក្រសួងពាណិជ្ជកម្មចិន ផ្តល់អាហារូបករណ៍កម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យ “ចំនួន២៦” ក្នុងប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មចិន កំពុងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលរួមមានកម្ពុជា។ នៅក្នុងអាហារូបករណ៍នេះ និស្សិតអាចជ្រើសរើសសិក្សានៅសាកលវិទ្យាល័យចំនួន ២៦ និងសិក្សាលើជំនាញជាច្រើនទៅតាមការផ្តល់ជូនរបស់សាកលវិទ្យាល័យទាំងនោះ។ អាហារូបករណ៍នេះ ផ្តល់ឱ្យក្នុងគោលបំណងជម្រុញការយោគយល់គ្នាទៅវិញទៅមក និងពង្រឹងមិត្តភាពរវាងប្រទេសចិន និងប្រទេសជាដៃគូ។អាហារូបករណ៍នេះ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

យោងតាមក្រុមប្រឹក្សាអាហារូបករណ៍ចិននៃប្រទេសចិន បានបញ្ជាក់ថាអាហារូបករណ៍នេះនឹងគ្រប់ដណ្តប់ទាំងអស់ទៅលើថ្លៃសិក្សា ការហូបចុក ប្រាក់ឧបត្ថម្ភសម្រាប់ស្នាក់នៅ និងទទួលបានកន្លែងស្នាក់នៅជុំវិញបរិវេណសាកលវិទ្យាល័យដោយឥតគិតថ្លៃ ព្រមទាំងធានារ៉ាប់រងសុខភាពផងដែរ។ មួយវិញទៀត គឺនិស្សិតមានជម្រើសក្នុងការជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត នៅសាកលវិទ្យាល័យរហូតដល់ ២៦សាកលវិទ្យាល័យ។ អត្ថប្រយោជន៍ទាំងអស់នេះ សមល្មមសម្រាប់ឱ្យនិស្សិតអាចផ្តោតតែលើការសិក្សាបាន។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍បាន សិស្សត្រូវគោរពតាមលក្ខខ័ណ្ឌដូចជា ជានិស្សិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ និស្សិតដែលដាក់ពាក្យអាហារូបករណ៍ថ្នាក់អនុបណ្ឌិតត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និងថ្នាក់បណ្ឌិតត្រូវតែមានសញ្ញាបត្រអនុបណ្ឌិត។ និស្សិត ត្រូវតែជានិស្សិតឆ្នើមដែលមានប្រវត្តិការសិក្សាល្អ ព្រមទាំងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសិក្សានៅប្រទេសចិន ព្រមទាំងមានកម្រិតភាសាល្អទៅតាមតម្រូវការនាំសាកលវិទ្យាល័យដែលខ្លួនបានជ្រើសរើស។

ចំពោះជំហាននៃការដាក់ពាក្យ បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យដែលខ្លួនពេញចិត្តជាមុនសិន បន្ទាប់ពីទទួលការអនុញ្ញាតពីសាកលវិទ្យាល័យនោះហើយ ទើបដាក់ពាក្យស្នើសុំអាហារូបករណ៍ជាក្រោយ។ នៅពេលដាក់ពាក្យបេក្ខជនតម្រូវឱ្យមានឯកសារមួយចំនួនដូចជា ទម្រង់ពាក្យស្នើសុំអាហារូបករណ៍ MOFCOM វិញ្ញាបនបត្រ និងព្រឹត្តិបត្តពិន្ទុ ទិដ្ឋាការ ឬលិខិតអនុញ្ញាតស្នាក់នៅប្រទេសចិន (ប្រសិនបើមាន) និងលិខិតឆ្លងដែន។ និស្សិតក៏ត្រួវមានផែនការសិក្សា និងសំណើស្រាវជ្រាវច្បាស់លាស់ លិខិតអនុសាសន៍ចំនួន ២ច្បាប់ពីគ្រឹស្ថានសិក្សា និងសាកលវិទ្យាល័យរបស់ខ្លួន របាយការណ៍សុខភាព ព្រមទាំងមិនមានប្រវត្តិប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ។

គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យ និងស្វែងយល់ព័ត៌មានបន្ថែមតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ មួយវិញទៀត កាលបរិច្ឆេទនៃការផុតកំណត់ទទួលពាក្យនៃសាកលមួយចំនួនអាចខុសគ្នាជាមួយនឹងកាលវិភាគដែលបានផ្តល់ឱ្យដោយក្រុមប្រឹក្សាអាហារូបករណ៍ចិន។ ដូច្នេះ និស្សិតដែលដាក់ពាក្យត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យខកខាន។ គួរសង្កត់ធ្ងន់ថា កាលបរិច្ឆេទ និងកម្រិតភាសាគឺអាស្រ័យទៅលើសាកលវិទ្យាល័យដែលបេក្ខជនជ្រើសរើស៕

Khcct banner

អត្ថបទទាក់ទង