Img 1426
Swift cc time

លោក មីន អ៊ុងឡាំង ស្បថចូលកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ាជាផ្លូវការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ណៃពិដោ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការហើយនៅថ្ងៃសុក្រ ទី១០ ខែមេសានេះ បន្ទាប់ពីលោកបានលាឈប់ពីតំណែងជាអគ្គមេបញ្ជាការកងទ័ព ដើម្បីបន្តដឹកនាំប្រទេសក្នុងរូបភាពជាមេដឹកនាំស៊ីវិលវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការផ្លាស់ប្តូរទម្រង់អំណាចនេះ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោតកាលពីខែមករា ដែលត្រូវបានរៀបចំឡើងដោយផាត់ចេញនូវគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបានផ្ដល់ជ័យជម្នះយ៉ាងលើសលប់ដល់សម្ព័ន្ធមិត្តយោធា។

ក្រុមអ្នកឃ្លាំមើលប្រជាធិបតេយ្យបានរិះគន់ថា នេះគ្រាន់តែជាការ «ប្ដូរផ្លាកសញ្ញា» នៃរបបយោធាប៉ុណ្ណោះ ព្រោះរដ្ឋមន្ត្រីជាង ២ភាគ៣ ក្នុងរដ្ឋាភិបាលថ្មី សុទ្ធតែជាសមាជិកយោធា ឬអតីតយោធាដែលមានស្រាប់។

ទោះជាមានការរិះគន់ពីសហគមន៍អន្តរជាតិ ប៉ុន្តែពិធីនេះមានការចូលរួមពីតំណាងប្រទេសជិតខាង រួមមានចិន ឥណ្ឌា និងថៃ។ ជាពិសេស ប្រទេសចិនត្រូវបានគេមើលឃើញថាជាអ្នកគាំទ្រដ៏ធំ ដើម្បីរុញច្រានគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាឡើងវិញ ស្របពេលដែលស្ថានភាពសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តស្ថិតក្នុងភាពតានតឹងនៃសង្រ្គាមស៊ីវិលនៅឡើយ។

គួរបញ្ជាក់ថា លោក មីន អ៊ុងឡាំង បានឡើងកាន់អំណាចតាំងតែពី ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី៕

លោកស្រី អ៊ុងសាន ស៊ូជី កំពុងធ្វើកាយវិការទៅកាន់ក្រុមអ្នកគាំទ្រ ខណៈកំពុងធ្វើដំណើរតាមក្បួនយន្តហោះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស នៅទីក្រុងយ៉ាងហ្គូន ថ្ងៃ១វិច្ឆិកា២០១៥។រូបភាព៖ AFP។


Khcct banner

អត្ថបទទាក់ទង