Img 1426
Swift cc time

អ្នកជំនាញអាកាសធាតុអឺរ៉ុប៖ សីតុណ្ហភាពផ្ទៃទឹកសមុទ្រហក់ឡើងក្តៅខ្លាំងជាលើកទី២ក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អឺរ៉ុប៖ ទីភ្នាក់ងារតាមដានការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប នាថ្ងៃសុក្រ ទី១០ ខែមេសានេះ បានឱ្យដឹងថា សីតុណ្ហភាពផ្ទៃទឹកសមុទ្រជាមធ្យមក្នុងខែមីនាកន្លងទៅ បានហក់ឡើងដល់ ២០,៩៧°C ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្រសម្រាប់ខែមីនា បន្ទាប់ពីកំណត់ត្រាកាលពីឆ្នាំ២០២៤។

តាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNA កំណើនកម្ដៅមិនធម្មតានេះ គឺជាសញ្ញាអាសន្ននៃការផ្លាស់ប្តូរទៅរកបាតុភូត El Nino ដែលនឹងធ្វើឱ្យភពផែនដីកាន់តែមានកម្ដៅខ្លាំង និងបង្កឱ្យមានអាកាសធាតុអាក្រក់កាន់តែខ្លាំងក្លា ខណៈដែលខែមីនាឆ្នាំនេះ ក៏ត្រូវបានកត់ត្រាថាជាខែដែលមានកម្ដៅក្ដៅបំផុតទី៤ ក្នុងប្រវត្តិសាស្ត្រ។

ស្ថានភាពនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ បង្កឱ្យមានព្យុះកាន់តែខ្លាំង និងធ្វើឱ្យផ្ទៃទឹកកកនៅតំបន់អាកទិកធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ដែលឆ្លុះបញ្ចាំងពីសម្ពាធយ៉ាងធ្ងន់ធ្ងរ និងការប្រែប្រួលក្នុងល្បឿនយ៉ាងលឿននៃប្រព័ន្ធអាកាសធាតុសកលនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា បាតុភូត El Niño (អែលនីញ៉ូ) គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយ ដែលកើតឡើងនៅពេលដែលផ្ទៃទឹកសមុទ្រនៅភាគខាងកើត និងភាគកណ្ដាលនៃមហាសមុទ្រប៉ាស៊ីហ្វិក (ក្បែរខ្សែអេក្វាទ័រ) មានកម្ដៅ ក្ដៅខុសពីធម្មតា។ បាតុភូតនេះមានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធអាកាសធាតុទូទាំងសកលលោក ដែលបង្កឲ្យអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាន៕

Khcct banner

អត្ថបទទាក់ទង