ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ មេសា បានបញ្ជាក់ពីការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុ បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាង លិចបានវិវត្តទៅជាព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ នេះ ពុំមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះ អាចនឹងបណ្តាលឱ្យកម្ពុជាមានភ្លៀងធ្លាក់១៥%-២០% ចាប់ពីថ្ងៃទី១៤-២៥ មេសា ២០២៦។
តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ២០%។
តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។ រលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ក្រសួងធនធានទឹក បានណែនាំឱ្យពលរដ្ឋនៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាង មុខនេះ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅពេលមានភ្លៀងកក់ខែ៕