ភ្នំពេញ៖ អនុព័ន្ធយោធា អាម៉េរិក និង ចិន បានចូលជួប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីជូនពរឆ្នាំថ្មី និងឆ្លៀតជជែកពីវិស័យយោធា ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មនានា។
លោកវរសេនីយ៍ឯក ខាល សលមែន (Kyle Saltzman) នាយការិយាល័យឣនុព័ន្ធយោធាអាម៉េរិកប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ដល់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ច ការបណ្ដុះបណ្ដាល និងការពិភាក្សាលើគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរ ជាដើម។
លោកអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលបានចូលចតនាវានៅកម្ពុជា ជាបន្តបន្ទាប់ និងបានអរគុណសហរដ្ឋអាមេរិក ដែលបានលុបចោលការហាមឃាត់លក់អាវុធឲ្យកម្ពុជា ក៏ដូចជាការផ្ដល់ឡើងវិញនៃវគ្គបណ្ឌិតសភាយោធា និងវគ្គផ្សេងៗទៀតដល់សិក្ខាកាមកម្ពុជា។
លោកអគ្គមេបញ្ជាការ បានសម្ដែងសុទិដ្ឋិនិយមថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មនានា។
ជាមួយនោះ លោកអគ្គមេបញ្ជាការ ក៏បានសន្យាថានឹងបន្តការងាររុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នាផងដែរ។
ដោយឡែក លោកវរសេនីយ៍ឯកពិសេស Seng Dazhi នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការីបានចូលជួបសម្តែងការគួរសម និងជូនពរជ័យឆ្នាំថ្មីដល់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។
លោកអគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងបំពាក់ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ជូនកម្ពុជាកន្លងមក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យរីកចម្រើន។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកពិសេស Seng Dazhi បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបានអះអាងពីការបន្តពង្រឹងទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានមកដល់នៅថ្ងៃខាងមុខ លោកអនុព័ន្ធយោធាចិន បានគោរពជូនពរអគ្គមេបញ្ជាការ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងភារកិច្ចការពារជាតិមាតុភូមិ៕