ឡុងដ៍៖ អង់គ្លេស ប្រកាសគាំទ្រកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបការឆបោក ONLINE SCAMS។ បន្ថែមពីនេះ ភាគីទាំងពីរប្តេជ្ញាបន្តអភិវឌ្ឍរួមគ្នាលើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។
លោកស្រី Seema Malhotra សមាជិកសភា រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានសេចក្តីសោមនស្សរីករាយក្នុងការពិភាក្សាអំពីសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅទីក្រុងឡុងដ៍ នៅថ្ងៃទី៨ ខែមេសា។ លោកស្រី បន្តថា កម្ពុជា-អង់គ្លេស រីករាយនឹងភាពជាដៃគូដែលកំពុងរីកចម្រើន ដោយមានពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង ១ពាន់លានផោនក្នុងមួយឆ្នាំ និងកិច្ចសហប្រតិបត្តិការកំពុងពង្រីកនៅក្នុងវិស័យជាច្រើន រួមទាំងវិស័យការពារជាតិ និងអប់រំ។
ក្រៅពីការពិភាក្សាអំពីផែនការដ៏មហិច្ឆតាដើម្បីពង្រីកទំនាក់ទំនងនៅក្នុងវិស័យទាំងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាប្រឈមសកលផងដែរ រួមទាំងអស្ថិរភាពនៅមជ្ឈិមបូព៌ា និងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ លោកស្រីរដ្ឋមន្ត្រីបានសម្តែងនូវបំណងប្រាថ្នារបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅតាមព្រំដែន ហើយភាគីទាំងពីរបានពិភាក្សាអំពីតួនាទីដ៏សំខាន់របស់គណៈកម្មការព្រំដែនរួម។
គួរឲ្យដឹងថា ជំនួបនេះពិតជាមានសារៈសំខាន់ ដោយភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា ស្វែងរកចំណុចរួមជាច្រើន ក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកត់សម្គាល់លើការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ភាគីទាំងពីរក៏បានលើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីការគាំទ្រនិងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥៕