ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី៩ មេសា បានប្រកាសថា នឹងចាក់បញ្ចាំងពិធីបើក-បិទដ៏អស្ចារ្យ ដើម្បីអបអរសាទរខួប ៣ឆ្នាំ នៃជោគជ័យមហាព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅបណ្តារោងកុនភាពយន្ត ក្នុងខែឧសភាខាងមុខ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជម្រាបជូនលោកយាយ លោកតា ពូ មីង បងប្អូន ដែលបានចូលរួមសំដែង និងបម្រើការងារ រៀបចំពិធីបើក-បិទ និងបងប្អូនសាច់ញាតិអ្នកសំដែង ក៏ដូចកីឡាករ កីឡាការិនី ដែលមិនបានទស្សនាផ្ទាល់ ឬប្រជាពលរដ្ឋ ដែលបានទស្សនាផ្ទាល់ហើយ ឬមិនបានទស្សនាផ្ទាល់នូវពិធីបើកដ៏អស្ចារ្យ សូមគោរពអញ្ជើញ ចូលរួមទស្សនាម្តងទៀត និងគាំទ្របន្តទៀត ដែលមានបញ្ចាំងនៅគ្រប់រោងភាពយន្ត Sabay Cinema, AEON Mall 3 Mean Chay វេលាម៉ោង ៦:៣០នាទីល្ងាច និង Legend Cinema Olympic Mall វេលាម៉ោង ២:៣០នាទី រសៀល។
គោលបំណងនៃការរៀបចំបញ្ចាំងឡើងវិញ គឺដើម្បី៖ រំលឹកជោគជ័យជាប្រវត្តិសាស្ត្រ រង់ចាំ ៦៤ឆ្នាំ សម្រាប់ SEA Games នៅកម្ពុជា ,ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត” ,ចង់ឱ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្តងទៀត នាឆ្នាំ២០៣១ ,ផ្តល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាម៉េរិក និងរួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។
បន្ថែមពីនេះ កម្មវិធី៖ រោងភាពយន្ត សប្បាយ CINEMA នឹងបញ្ចាំងសាកល្បងឥតគិតថ្លៃ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ (ចំនួនមានកំណត់) បញ្ចាំងទស្សនាដោយបរិច្ចាគការឧបត្ថម្ភដល់ “Cambodia Olympic Team" ចំនួន ១២,០០០រៀល និង ២០,០០០រៀល ក្នុងសំបុត្រមួយ ចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦៕