ភ្នំពេញ៖ ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) ឆ្នាំ២០២៦ កំពុងបើកទទួលពាក្យសម្រាប់និស្សិតអាស៊ី ដែលរួមមានកម្ពុជាឱ្យចូលរួមផ្លាស់ប្តូរការសិក្សាចំនួន ១ឆមាសដែលស្មើនឹង ៤ខែ នៅស្ថាប័នអប់រំនៃប្រទេសស៊ុយអែត។ ការផ្លាស់ប្តូរការសិក្សានេះអនុវត្តទៅតាមប្រព័ន្ធ “DUO” តម្រូវឱ្យមាននិស្សិតជាគូរផ្លាស់ប្តូរបទពិសោធន៍គ្នាដែល ១រូបមកពីអាស៊ី និងមួយរូបមកពីស៊ុយអែត។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរការសិក្សារវាងនិស្សិតអាស៊ី និងស៊ុយអែត ដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា និងវប្បធម៌ទៅវិញទៅមក។
យោងតាមគេហទំព័រផ្លូវការនៃសមាគមន៍ខ្មែរនៅសហភាពអ៊ឺរ៉ុប កម្មវិធីទាំងមូលផ្តល់ឱកាសដល់យុវជនដូចជាមានឱកាសទទួលបានបទពិសោធន៍សិក្សារយៈពេល ៤ខែនៅសាកលវិទ្យាល័យដៃគូប្រទេសស៊ុយអែតជាមួយដៃគូដែលជានិស្សិតស៊ុយអែតដែលផ្លាស់ប្តូរការសិក្សាជាមួយគ្នា។ មួយវិញទៀត សម្រាប់ការចំណាយនានាដែលមានដូចជា ការចំណាយលើការស្នាក់នៅ ធ្វើដំណើរ យន្តហោះ និងការចំណាយផ្សេងៗលើការសិក្សានៅប្រទេសស៊ុយអែត។ និស្សិតកម្ពុជាអាចទទួលបានអាហារូបករណ៍ប្រហែល ៤០០០អឺរ៉ូ។
បើតាមប្រភពដដែល បេក្ខជនមានចំណាប់អារម្មណ៍ដាក់ពាក្យត្រូវគោរពតាមលក្ខខ័ណ្ឌដូចជា ជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត នៅសាកលវិទ្យាល័យដែលមានកិច្ចព្រមព្រៀងសហការជាមួយស្ថាប័ននៅប្រទេសស៊ុយអែត។ និស្សិតដែលដាក់ពាក្យត្រូវតែមានចំណេះដឹងភាសាអង់គ្លេសខ្ពស់។
គួរបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យត្រូវទាក់ទងការិយាល័យទំនាក់ទំនងអន្តរជាតិរបស់សាកលវិទ្យាល័យខ្លួន ហើយសាកលវិទ្យាល័យរបស់បេក្ខជននេះត្រូវតែជាសាកលវិទ្យាល័យដៃគូដែលបានសហការជាមួយប្រទេសស៊ុយអែត។ បេក្ខជនត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦៕