កូឡាឡាំពួរ៖ លោក SHIKATA Noriyuki ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៨ ខែមេសា ម្សិលមិញ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សម្ភារៈបរិក្ខារ ដើម្បីគាំទ្រដល់សកម្មភាពរបស់ក្រុមសង្កេតការណ៍អាស៊ាន (ASEAN Observer Teams - AOT) ដែលបានប្រារព្ធឡើងនៅទីស្តីការក្រសួងការពារជាតិម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំនៅម៉ាឡេស៊ី។
ក្រោមគម្រោងជំនួយសន្តិសុខផ្លូវការ (Official Security Assistance - OSA) សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៥ រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងផ្តល់នូវសម្ភារៈបរិក្ខារនានា ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ក្រុម AOT នៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ បន្ថែមលើការផ្តល់នាវាគាំទ្រការងារមុជទឹក (Diving Support Vessel)។
នៅក្នុងពិធីនោះ សម្ភារៈដែលត្រូវបានប្រគល់ជូនរួមមាន ឧបករណ៍វិទ្យុទាក់ទង អេក្រង់ LCD កុំព្យូទ័រ ម៉ាស៊ីនព្រីន និងសម្ភារៈប្រើប្រាស់ដទៃទៀតសម្រាប់ប្រតិបត្តិការនៅតាមមូលដ្ឋាន។
រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ខ្លួននឹងបន្តរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ តាមរយៈក្របខណ្ឌជំនួយ OSA នេះ ដើម្បីពង្រឹងសមត្ថភាពតាមដានបទឈប់បាញ់ និងការរក្សាសន្តិសុខនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃឱ្យកាន់តែមានប្រសិទ្ធភាព។