ហ្គាហ្សា៖ លោក Mohammed Wishah អ្នកយកព័ត៌មានរបស់បណ្តាញសារព័ត៌មាន Al Jazeera Mubasher ត្រូវបានសម្លាប់ កាលពីថ្ងៃពុធម្សិលមិញ ក្នុងសកម្មភាពវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែល សំដៅលើរថយន្តដែលលោកកំពុងធ្វើដំណើរ ស្ថិតនៅលើផ្លូវ al-Rashid ក្បែរឆ្នេរសមុទ្រ ភាគខាងលិចទីក្រុង Gaza។
យោងតាមសេចក្តីថ្លែងការណ៍របស់ Al Jazeera Media Network បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ «ឧក្រិដ្ឋកម្មដ៏ឃោរឃៅ» នេះ ដោយចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និង ជាគោលនយោបាយជាប្រព័ន្ធក្នុងការកំណត់គោលដៅលើអ្នកសារព័ត៌មាន ដើម្បីបំបិទសំឡេងនៃការពិត។
Al Jazeera បានបញ្ជាក់ថា ការសម្លាប់លោក Wishah បានបម្រើការងារតាំងពីឆ្នាំ ២០១៨ មិនមែនជាឧបទ្ទវហេតុចៃដន្យឡើយ ប៉ុន្តែគឺជាការកំណត់គោលដៅដោយចេតនាដើម្បីបំភិតបំភ័យអ្នកសារព័ត៌មានដទៃទៀត។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅ Gaza បានឱ្យដឹងថា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ ២៦២ នាក់ហើយ ត្រូវបានសម្លាប់ក្នុងសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែល។
ទោះបីជាមានកិច្ចព្រមព្រៀង «បទឈប់បាញ់» ក្រោមការសម្របសម្រួលពីសហរដ្ឋអាម៉េរិក បានចូលជាធរមានអស់រយៈពេលជិត ៦ ខែក៏ដោយ ក៏ការរំលោភបំពាននៅតែបន្តកើតមាន។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដដែលបានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបានប្រព្រឹត្តការរំលោភបំពានប្រហែល ២,០០០ លើក ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម រួមទាំងការសម្លាប់លោក Wishah នេះផងដែរ៕