Img 1426
Swift cc time

ណេតាន់យ៉ាហ៊ូថា«បទឈប់បាញ់»មិនរាប់បញ្ជូលលីបង់ឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការផ្អាកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែលោកបានបញ្ជាក់ថាបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងមិនអនុវត្តចំពោះប្រទេសលីបង់ទេ នេះមានន័យថាអ៊ីស្រាអែលនឹងបន្តបើកការវាយប្រហារលើប្រទេសលីបង់ជាធម្មតា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ដើម្បីធានាថាអ៊ីរ៉ង់លែងបង្កការគំរាមកំហែងនុយក្លេអ៊ែរ មីស៊ីល និងភេរវកម្មដល់អាម៉េរិក អ៊ីស្រាអែល ប្រទេសជិតខាងអារ៉ាប់របស់អ៊ីរ៉ង់ និងពិភពលោកទៀតហើយ។ លោកបន្តថា សហរដ្ឋអាម៉េរិកបានប្រាប់អ៊ីស្រាអែលថា ខ្លួនប្តេជ្ញាសម្រេចគោលដៅទាំងនេះនៅក្នុងការចរចានាពេលខាងមុខនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាននៅថ្ងៃសុក្រខាងមុខនេះ។

សម្រាប់លោក ណេតាន់យ៉ាហ៊ូ បទឈប់បាញ់រយៈពេលពីរសប្តាហ៍ «មិនរាប់បញ្ចូលប្រទេសលីបង់ទេ» ដូចច្នេះអ៊ីស្រាអែលនឹងបន្តវាយប្រហារលើលីបង់ដូចធម្មតា។

គួររម្លឹកថាការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២ ខែមីនា បានសម្លាប់មនុស្សជាង ១,៥០០នាក់ និងបានធ្វើឱ្យមនុស្សជាង ១ លាននាក់ត្រូវផ្លាស់ទីលំនៅ។ យោធាអ៊ីស្រាអែល ក៏បានបើកការឈ្លានពានភាគខាងត្បូងប្រទេសលីបង់ ហើយបាននិយាយថា ខ្លួនមានគោលបំណងដណ្តើមយកទឹកដីបន្ថែមទៀត ដែលខ្លួនថាជាតំបន់ការពារ៕

Khcct banner

អត្ថបទទាក់ទង