ថៃ៖ ក្រសួងយុត្តិធម៌ថៃបានបើកការស៊ើបអង្កេតលើការសង្ស័យថាមានការស្តុកទុកប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិថាមពលកើនឡើងថ្លៃមិនធ្លាប់មានដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដោយក្នុងការស៊ើបអង្កេតនោះមន្រ្តីជំនាញបានបានរកឃើញថាប្រេងឥន្ធនៈចំនួន ៥៧ លានលីត្របានបាត់ក្នុងអំឡុងពេលដឹកជញ្ជូនប្រេងទៅកាន់ស៊ូរ៉ាតថានី។
យោងតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Thaiger បានបញ្ជាក់ថាក្រសួងយុត្តិធម៌ថៃបានសហការជាមួយប៉ូលិសភូមិន្ទ និងរដ្ឋបាលខេត្តទូទាំងប្រទេសថៃក្នុងការ បើកប្រតិបត្តិការបង្ក្រាបការស្តុកទុកប្រេងខុសច្បាប់តាមរយៈការត្រួតពិនិត្យ អាជ្ញាធរថៃបានរកឃើញភាពមិនប្រក្រតីដ៏ធំមួយនៅក្នុងខេត្តសុរ៉ាតថានី (Surat Thani)លើករណីបាត់ប្រេងជាង ៥៧ លានលីត្រ។
តាមទិន្នន័យដឹកជញ្ជូន ប្រេងចំនួន ២១៧ លានលីត្រ ត្រូវបានដឹកតាមនាវាទៅកាន់ដេប៉ូចំនួន ៦ ក្នុងខេត្តនេះ ប៉ុន្តែមានតែ ១៦០ លានលីត្រប៉ុណ្ណោះ ដែលត្រូវបានកត់ត្រាថាបានទៅដល់គោលដៅ។ នេះមានន័យថា ប្រេងប្រមាណ ៥៧ លានលីត្រ បានបាត់ដានក្នុងអំឡុងពេលដឹកជញ្ជូនតាមសមុទ្រ។
អាជ្ញាធរថៃសង្ស័យថា ប្រេងទាំងនោះអាចត្រូវបានផ្ទេរទៅឱ្យនាវាខុសច្បាប់នៅកណ្ដាលសមុទ្រ ឬមានការបង្វែរទិសដៅដឹកជញ្ជូន ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់។ ក្រុមហ៊ុនប្រេងធំៗមួយចំនួនរួមមាន PTTOR, Bangchak, Star Fuels និង IRPC ត្រូវបានកោះហៅមកសាកសួរ ប៉ុន្តែពួកគេបានបដិសេធរាល់ការចោទប្រកាន់។ដោយឡែក កាលពីថ្ងៃទី ៤ ខែមេសា កន្លងទៅ ក្រុមហ៊ុន P.C. Siam Group ក៏ត្រូវបានគេប្ដឹងពីបទស្តុកទុកប្រេងលើសចំណុះជាង ២ លានលីត្រផងដែរ ប៉ុន្តែក្រុមហ៊ុនបានចេញមុខបដិសេធភ្លាមៗ។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Ruttapon Naowarat បានបញ្ជាក់កាលពីថ្ងៃ៦មេសាថា ការស៊ើបអង្កេតកំពុងបន្តយ៉ាងយកចិត្តទុកដាក់ ហើយចំនួនប្រេងដែលបាត់បង់ពិតប្រាកដ អាចនឹងមានច្រើនជាង ៥៧ លានលីត្រ ដែលតួលេខផ្លូវការនឹងត្រូវបញ្ចេញក្រោយពេលបញ្ចប់ការស៊ើបអង្កេត។