ចិន៖ អ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់នៅទីក្រុងប៉េកាំងយល់ឃើញថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិកប្រឆាំងអ៊ីរ៉ង់ គឺជាកំហុសដ៏ធ្ងន់ធ្ងរដែលកើតចេញពីការសម្រេចចិត្តខ្វះយុទ្ធសាស្ត្រច្បាស់លាស់របស់លោក ដូណាល់ ត្រាំ ហើយវានឹងក្លាយជាកត្តាជម្រុញឱ្យអំណាចអាម៉េរិកកាន់តែចុះខ្សោយទៅថ្ងៃអនាគត។
តាមបទវិភាគរបស់ទស្សនាវដ្តី The Economist ខណៈអាម៉េរិកព្យាយាមបង្ហាញសាច់ដុំយោធា ដើម្បីគៀបសង្កត់ឥទ្ធិពលចិន និង គ្រប់គ្រងចរន្តប្រេង ប្រទេសចិនបែរជាជ្រើសរើសឈរមើលដោយស្ងប់ស្ងាត់ ក្រោមយុទ្ធសាស្ត្រ «មិនរំខានសត្រូវ នៅពេលពួកគេកំពុងបង្កើតកំហុស»។
សម្រាប់លោក ស៊ី ជិនពីង ស្ថានភាពនេះ គឺជាការសបញ្ជាក់ពីភាពត្រឹមត្រូវនៃគោលនយោបាយពង្រឹងសន្តិសុខជាតិ និង ការកសាងភាពពឹងផ្អែកលើខ្លួនឯង ជាពិសេសតាមរយៈការត្រៀមបម្រុងថាមពល និង ការគ្រប់គ្រងច្រកសេដ្ឋកិច្ចសំខាន់ៗ ដូចជារ៉ែកម្រ និងបច្ចេកវិទ្យាជាដើម។
ទីក្រុងប៉េកាំង នៅតែមានក្តីបារម្ភ ចំពោះភាពមិនអាចទាយទុកជាមុនបាននៃសង្គ្រាម និង ការរីកចម្រើននៃបច្ចេកវិទ្យា AI របស់យោធាអាម៉េរិក រួមទាំងផលប៉ះពាល់នៃអស្ថិរភាពសកល អាចរង្គោះរង្គើដល់កំណើនសេដ្ឋកិច្ចផ្អែកលើការនាំចេញរបស់ខ្លួន។ ក្នុងទិដ្ឋភាពនយោបាយ ចិនរំពឹងថា នឹងទាញយកផលចំណេញពីការចុះខ្សោយរបស់អាម៉េរិក ដើម្បីជំរុញឱ្យមានការធ្វើសម្បទានក្នុងកិច្ចចរចាពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់នាពេលខាងមុខ៕