Img 1426
Swift cc time

ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្វាយព្រះពរ និងប្រសិទ្ធពរជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជសារថ្វាយព្រះពរ និងប្រសិទ្ធពរជូនជនរួមជាតិទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦។

យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រដែលមានខ្លឹមសារទាំងស្រុង៖ «ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ជាទី គោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត មានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិធំដ៏សំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យ ទាំងអស់ ដែលតែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ដែលជារដូវ កាលប្រជារាស្ត្រខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានសម្រាកពីការងារមក ជួបជុំក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រមទាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។

ពិធីបុណ្យចូលឆ្នាំខ្មែរនេះផងដែរ ជាពិធីបុណ្យមួយដែលមានអត្ថន័យដ៏ធំធេង ហើយប្រារព្ធ ឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់ បុព្វការីជន ហើយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ និងចងសម្ព័ន្ធមេត្រីភាពរវាងអ្នកស្រុកភូមិ ជិតឆ្ងាយគ្នា និងសហគមន៍ផង ដោយធ្វើការជូនពរគ្នាទៅវិញទៅមក ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិត។ លើសពីនេះទៀត ពិធីបុណ្យនេះក៏បានបង្ហាញពីអត្តសញ្ញាណ និងអរិយធម៌ របស់ជាតិខ្មែរ បណ្តុះស្មារតីសាមគ្គីភាពជាតិ និងថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ប្រពៃណី ជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយសម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនបងប្អូន ជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕»

Khcct banner

អត្ថបទទាក់ទង