
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិមយបានឱ្យដឹងថា ឥទ្ធិពលកូនព្យុះពីចិនដែលមានឈ្មោះថា ក្រវាញ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុកម្ពុជាចុះត្រជាក់នៅតាមបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ វាលទំនាប និងនៅតំបន់មាត់សមុទ្រជាពិសេសខេត្តកំពត និងព្រះសីហនុ ចាប់ពីថ្ងៃទី២៣ដល់២៤ខែធ្នូ ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិមយ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញឱ្យឃើញថា វិសម្ពាធ (Tropical Depression) ដែលបាននិងកំពុងស្ថិតនៅប្រទេសចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី២៣ឈ្មោះ ក្រវាញ(KROVANH) ដែលនឹងចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ហើយវិសម្ពាធនេះនឹងបន្តចូលខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ នៅថ្ងៃទី២៤ធ្នូនេះ វិសម្ពាននេះ បានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តទៅខេត្តស៊ូវ៉ាត់ថានី ប្រទេសថៃ។
ក្រសួងបន្តថា លក្ខណៈបែបនេះ នឹងធ្វើលឱ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ដល់២៤ ខែធ្នូ ឆ្នាំ២០២០ មានស្ថានភាពដូចជា៖ នៅតាមបណ្តាខេត្តតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះនៅក្នុងរង្វង់ពី១៧-២០ អង្សាសេ។
រីឯបណ្តាខេត្តនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះនៅក្នុងរង្វង់ពី១៨-២១ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។ ចំពោះនៅបណ្តាខេត្តនៃតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃមានពពកច្រើនមីដេរដាស សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះនៅក្នុងរង្វង់ពី២០-២៣ អង្សាសេ និងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គួរ មានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ហើយក្រសួងនឹងបន្តតាមដានតាមយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ក៏ដូចជាជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕
