វៀតណាម៖លោក ឡេ មិញ ហ៊ុង (Le Minh Hung) នៅថ្ងៃទី ៧ មេសានេះ ត្រូវបានសមាជិករដ្ឋសភាវៀតណាមទាំង ៤៩៥សំឡេង បោះឆ្នោតគាំទ្រ ជា«នាយករដ្ឋមន្ត្រីថ្មី» របស់វៀតណាម សម្រាប់អាណត្តិ ២០២៦-២០៣១។លោក ឡេ មិញ ហ៊ុង គឺជានាយករដ្ឋមន្ត្រីទី១១ នៃប្រទេសវៀតណាម រាប់ចាប់តាំងពីឆ្នាំ១៩៤៥ និង ជានាយករដ្ឋមន្ត្រីវ័យក្មេងទីពីរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ផាម វ៉ាន់ដុង ដែលមានអាយុ ៤៩ ឆ្នាំ។
លោក ឡេ មិញ ហ៊ុង (Le Minh Hung) កើតនៅឆ្នាំ១៩៧០ និងមានដើមកំណើតពី ខេត្តហាទិញ។ការសិក្សារបស់លោក ធ្លាប់ទទួលបានសញ្ញាបត្រទ្រឹស្តីនយោបាយ,សញ្ញាបត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ និង សញ្ញាបត្របរិញ្ញាបត្រផ្នែកភាសាបារាំង។
ការងារក្នុងបក្ស លោកគឺជាសមាជិកគណៈកម្មាធិការកណ្តាលទី១២ នៃបក្សកុម្មុយនិស្តវៀតណាម លេខាធិការគណៈកម្មាធិការបក្ស និង ជាទេសាភិបាលធនាគាររដ្ឋវៀតណាម។ចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ លោកគឺជាសមាជិកគណៈកម្មាធិការកណ្តាលទី១២ នៃបក្សកុម្មុយនិស្តវៀតណាម និង ជាប្រធានខុទ្ទកាល័យបក្សកណ្តាល។
ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៤ លោកធ្លាប់ជាសមាជិកនៃការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការកណ្តាលនៃសមាជបក្សលើកទី១៣ ប្រធាននាយកដ្ឋានរៀបចំកណ្តាល និង ជាប្រធានការិយាល័យកណ្តាលបក្ស។
នៅខែមករា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការកណ្តាលទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម លោក ឡេ មិញហ៊ុង ត្រូវបានជ្រើសតាំងជាសមាជិកការិយាល័យនយោបាយ និង ត្រូវបានចាត់តាំងឱ្យចូលរួមក្នុងលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាលទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។
ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម លោក ឡេ មិញ ហ៊ុង (Le Minh Hung)បានស្បថថា នឹងស្មោះត្រង់ជាដាច់ខាត់ចំពោះមាតុភូមិ ចំពោះប្រជាជន និង ចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និង ប្រជាជនប្រគល់ជូន៕