ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” (Techo Startup Center) កំពុងរៀបចំវគ្គបណ្តុះបណ្តាល (Women Innovator Bootcamp)សម្រាប់ស្ត្រីមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដើម្បីគាំទ្រ និងលើកកម្ពស់ស្រ្តី ដែលមានបំណងចង់អភិវឌ្ឍខ្លួន និងចូលរួមក្នុងវិស័យបច្ចេកវិទ្យា នវានុវត្ត៍ និងសហគ្រិនភាព។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងជារៀងរាល់ព្រឹកថ្ងៃសៅរ៍ រយៈពេល៦សប្តាហ៍ និងធ្វើឡើងជាភាសាអង់គ្លេស។ វគ្គសិក្សានេះនឹងចាប់ផ្តើមពីខែឧសភា រហូតដែលខែមិថុនា ឆ្នាំ២០២៦។
យោងតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” ដើម្បីដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលបេក្ខជន ត្រូវតែជានារីដែលមានអាយុចាប់ពី ១៨ ដល់២៥ឆ្នាំ និងមានឆន្ទៈចង់ចេះចង់ដឹងអំពីបច្ចេកវិទ្យា សហគ្រិនភាព និងមិនទាន់ដឹងថាគួរចាប់ផ្តើមក្តីស្រមៃរបស់ខ្លួនពីចំណុចណា។ បេក្ខនារីមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦។
បើតាមប្រភពដដែល តាមរយៈកម្មវិធីនេះបេក្ខនារីនឹងទទួលបានវគ្គបណ្តុះបណ្តាចំនួន៦សប្តាហ៍ដែលទាក់ទងនឹង ការស្វែងរកពីទេពកោសល្យរបស់ខ្លួន ជំនាញដោះស្រាយបញ្ហា មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ និងច្នៃប្រឌិតនានាតាមប្រព័ន្ធឌីជីថល ជំនាញដោះស្រាយបញ្ហាទាក់ទងនឹងបច្ចេកវិទ្យា ការធ្វើបទបង្ហាញនិងការពារគំនិតប្រកបដោយភាពជឿជាក់ និងចំណេះដឹងទាក់ទងនឹងនវានុវត្តន៍។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវគ្គបណ្តុះបណ្តាល សូមទាក់ទងទៅកាន់ [email protected]៕